ដោយៈ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាកំពុងដំណើរការកែលម្អ ផ្លូវដែកភាគខាងត្បូងពីភ្នំពេញទៅខេត្តព្រះសីហនុ ពីល្បឿនយឺតឱ្យទៅល្បឿនលឿន ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃតម្រូវការអ្នកដំណើរ និងការដឹកជញ្ជូនទំនិញពេលបច្ចុប្បន្ន។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកម្មវិធីមួយកាលពីសប្តាហ៍មុន នៅផ្សារអ៊ីអនមានជ័យថា បន្ទាប់ពីបញ្ចប់ការសិក្សា លើការធ្វើឱ្យប្រសើរឡើងខ្សែរថភ្លើង ភាគខាងជើងរវាងភ្នំពេញ-ប៉ោយប៉ែត បច្ចុប្បន្នក្រសួងកំពុងធ្វើការសិក្សា ដើម្បីធ្វើឱ្យប្រសើរឡើងខ្សែរថភ្លើងខាងត្បូង ទៅជារថភ្លើងល្បឿនលឿនផងដែរ។លោកថ្លែងថា “ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត យើងក៏បានបញ្ចប់ការសិក្សាផងដែរ ដែលអាចរត់បាន១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង។ សព្វថ្ងៃនេះ ផ្លូវរថភ្លើងអាចរត់បានក្នុងល្បឿនពី៣០ ឬ៤០ គីឡូម៉ែត្រក្នុង១ម៉ោង ឬច្រើនបំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះនៅខ្សែភាគខាងត្បូង ពីភ្នំពេញទៅខេត្តព្រះសីហនុ។ បើយើងអាចកសាងផ្លូវរថភ្លើងនេះបាន១៦០ គីឡូម៉ែត្រក្នុង១ម៉ោង វានឹងក្លាយជារឿងដ៏ល្អ“។
លោកបញ្ជាក់ថា “ឥឡូវយើងកំពុងសិក្សាផ្លូវរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ ក៏បានដំឡើងល្បឿនដល់១៦០គីឡូម៉ែត្រ ក្នុង១ម៉ោង”។
លទ្ធផលបឋមនៃការសិក្សាពីលទ្ធភាព ក្នុងការធ្វើឱ្យប្រសើរឡើងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់កម្ពុជាបង្ហាញថា គម្រោងនេះនឹងត្រូវចំណាយជាង៤ពាន់លានដុល្លារ ហើយនឹងចំណាយពេលវេលា ប្រហែល៤ឆ្នាំដើម្បីបញ្ចប់ការសាងសង់។
ការសិក្សានេះ ធ្វើឡើងដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន (CRBC) ដែលជាក្រុមហ៊ុននៅពីក្រោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ នៅពេលសាងសង់រួច ផ្លូវរថភ្លើងល្បឿនលឿននេះ នឹងផ្តោតលើការធ្វើដំណើររបស់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញអន្តរជាតិរវាងកម្ពុជា និងថៃ។ នេះបើយោងតាមការលើកឡើងរបស់លោក ស៊ុន ចាន់ថុល។
រថភ្លើងនេះនឹងអាចធ្វើដំណើរ ក្នុងល្បឿនអតិបរមា១៦០គីឡូម៉ែត្រក្នុង១ម៉ោង ដោយមានស្ថានីយសរុបចំនួន៣៣ទីតាំង នៅតាមដងផ្លូវ។ ស្ពានអាកាសជាង៣០០ នឹងត្រូវសាងសង់ដើម្បីចៀសវាងការប៉ះទង្គិចគ្នារវាងរថភ្លើង និងយានជំនិះនៅលើផ្លូវប្រសព្វ ជាមួយផ្លូវដែក។ តួរថភ្លើងនឹងត្រូវបែងចែកជាផ្នែកៗមួយ សម្រាប់អ្នកដំណើរ និងទំនិញ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្ពុជា (CLA)បានមានប្រសាសន៍ថា ការតភ្ជាប់ផ្លូវដែកទាំង២ មានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវជម្រើសដឹកជញ្ជូនបន្ថែមទៀត សម្រាប់អ្នកជំនួញព្រោះវានឹងរួមចំណែក ជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។
លោកបន្តថា ផ្លូវដែកល្បឿនលឿន នឹងកាន់តែមានសារៈសំខាន់គឺមិនត្រឹមតែដឹកជញ្ជូនទំនិញ ជាមួយប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ការដឹកជញ្ជូនអ្នកដំណើរផងដែរ”៕