សម្តេចធិបតីៈ សម័យនេះត្រូវការវិទ្យាសាស្ត្រ អត់ត្រូវការគ្រូទាយទេ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ច្បាស់ថា “សម័យនេះត្រូវការវិទ្យាសាស្រ្ត អត់ត្រុវការគ្រូទាយទេ”។

សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ​ស្តីពី លទ្ធផល​ចុង​ក្រោយ ​នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំ​ក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។

សម្តេចបញ្ជាក់ថា “ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រី​មានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ (Findings) ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។

សម្តេចធិបតីបញ្ជាក់ថា “ការយល់ដឹងពីស្ថិតិ មានសារៈសំខាន់ ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន”។

សម្តេចធិបតីបានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាព​បែង​ចែក​ ធនធានថវិកាសម្រាប់វិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូល​ធន​មនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង សម្រា​ប់ការយោគលើឧបករណ៍ បរិក្ខារបច្ចេកវិទ្យា សម​ស្រប​សម្រាប់​ក្រសួងផែនការ ដើម្បី​បង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងរហ័សទាន់ពេល។

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយ ដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្ត ឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និង ការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាង ពិតប្រាកដ (Representation) នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រ​យោ​ជន៍ និងធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ (Sample) ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈ វិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប (Sampling Method)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here