ដោយៈ គង់ សូរិយា
ភ្នំពេញៈ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែតបានបញ្ជាក់ច្បាស់ថា “សម័យនេះត្រូវការវិទ្យាសាស្រ្ត អត់ត្រុវការគ្រូទាយទេ”។
សម្តេចបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី លទ្ធផលចុងក្រោយ នៃជំរឿនសេដ្ឋកិច្ចនៅកម្ពុជាឆ្នាំ២០២២នាព្រឹកថ្ងៃទី២៦ ធ្នូនេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងផែនការ ត្រូវរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ទាក់ទាញ និងកៀរគរ ធនធានមនុស្ស ដែលមានទេពកោសល្យខ្ពស់ខាងផ្នែកស្ថិតិ និងការវិភាគស្ថិតិ ទាំងក្នុងស្រុក និងពីបរទេស សម្រាប់ការងារដ៏សំខាន់របស់ក្រសួង។
សម្តេចបញ្ជាក់ថា “ការធ្វើវិភាជន៍ឡើងវិញ នៃធនធានមនុស្សដែលមានស្រាប់ឱ្យចំជំនាញ ឬក្បែរជំនាញឯកទេស នឹងជួយបង្កើនប្រសិទ្ធភាព និងផលិតភាពការងារ”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីរបស់ខ្លួននូវចំណេះដឹងផ្នែកការប្រើប្រាស់ស្ថិតិ ដើម្បីធ្វើយ៉ាងណា ឱ្យមន្ត្រីមានសមត្ថភាពសមរម្យក្នុងការប្រើប្រាស់ស្ថិតិ និងរបកគំហើញ (Findings) ពីការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនានា សម្រាប់ការងាររៀងៗខ្លួន។
សម្តេចធិបតីបញ្ជាក់ថា “ការយល់ដឹងពីស្ថិតិ មានសារៈសំខាន់ ប៉ុន្តែការចេះប្រើប្រាស់ស្ថិតិឱ្យបានត្រឹមត្រូវ សម្រាប់ការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់ មិនអាចខ្វះបាន”។
សម្តេចធិបតីបានស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យលទ្ធភាពបែងចែក ធនធានថវិកាសម្រាប់វិនិយោគ លើការបណ្តុះបណ្តាលធនធានមនុស្ស និងបង្កើនមូលធនមនុស្ស ដែលបានចង្អុលបង្ហាញនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និង សម្រាប់ការយោគលើឧបករណ៍ បរិក្ខារបច្ចេកវិទ្យា សមស្របសម្រាប់ក្រសួងផែនការ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារ ក្នុងវិស័យស្ថិតិឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងរហ័សទាន់ពេល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ ប្រែក្លាយទិន្នន័យជំរឿនសេដ្ឋកិច្ចនេះ ឱ្យទៅជាព័ត៌មាន គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់តាមបែបវិទ្យាសាស្ត្រ តាមរយៈការប្រើប្រាស់វិធីសាស្ត្រសមស្រប នៃវិទ្យាសាស្ត្រស្ថិតិ ដើម្បីជាធាតុចូលរឹងមាំសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ប្រើប្រាស់ក្នុងការងាររៀងៗខ្លួន ជាពិសេសសម្រាប់ការរៀបចំគោលនយោបាយ ដោយផ្អែកលើភស្តុតាង និងព័ត៌មាននេះ សម្តេចសូមលើកទឹកចិត្ត ឱ្យផ្សព្វផ្សាយលទ្ធផលទាំងនេះ ឱ្យបានទូលំទូលាយដល់គ្រប់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងផែនការដែលមានវិទ្យាស្ថានជាតិស្ថិតិជាសេនាធិការ ត្រូវបន្តលើកកម្ពស់ ការងារជំរឿនសេដ្ឋកិច្ច និង ការអង្កេតសំខាន់ៗពាក់ព័ន្ធនានា ដោយធានាឱ្យបាននូវការប្រមូល ទិន្នន័យដែលមានលក្ខណៈជាតំណាង ពិតប្រាកដ (Representation) នៃបញ្ហាដែលចង់សិក្សាស្វែងយល់ ដើម្បីជាប្រយោជន៍ និងធាតុចូល សម្រាប់ការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ដើម្បីធានាបាននូវភាពតំណាងល្អ, សំណាកគំរូ (Sample) ត្រូវរៀបចំឱ្យបានល្អតាមលក្ខណៈ វិទ្យាសាស្ត្រស្ថិតិ ដោយប្រើប្រាស់វិធីសាស្ត្រសំណាកគំរូសមស្រប (Sampling Method)៕