តើទីផ្សារអចលនទ្រព្យនៅតំបន់អាសីប៉ាស៊ីហ្វិក បានជួបប្រទះបញ្ហាអ្វីខ្លះក្នុងឆ្នាំ២០២៣នេះ?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: បញ្ហាអចលនទ្រព្យ ក្នុងតំបន់អាស៊ី ជាពិសេសគឺ ទីផ្សារលំនៅដ្ឋាន នឹងបន្តអូសបន្លាយទៅមុខ ខណៈការដាំក្បាលចុះនៃទីផ្សារលំនៅដ្ឋាននាពេលបច្ចុប្បន្ន មិនត្រឹមតែអាចផ្ទុះឡើងនៅប្រទេ​សចិន និងសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្ទុះឡើងនៅប្រទេសជប៉ុនផងដែរ។

លោក Nicholas Spiro សេដ្ឋវិទូរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បានផ្តល់បទសម្ភាសន៍ជាមួ​យសារពត៌មាន South China Morning Post ស្តីអំពីសញ្ញានៃវិបត្តិទីផ្សារលំនៅដ្ឋាន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅតែបន្តអូសបន្លាយយូរទៅមុខ។

ចំពោះប្រទេសចិន ទីផ្សារលំនៅដ្ឋាននៅប្រទេសនេះ បានដាំក្បាលចុះ ចាប់តាំងពីរដ្ឋាភិបាលទីក្រុងប៉េកាំង បានដាក់គោលនយោបាយ “បន្ទាត់ក្រហម៣”កាលពីពាក់កណ្តាលឆ្នាំ២០២១។គោលនយោបាយ “បន្ទាត់ក្រហម៣” បានកំណត់សមត្ថភាពរបស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងការទទួលបានប្រាក់កម្ចីថ្មី  ដែលការ​ណ៍នេះ បានបណ្តាលឱ្យក្រុមហ៊ុនអចលនទ្រព្យ ខ្នាតធំជាច្រើននៅក្នុងប្រទេសចិន ជួបបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។

ប្រទេសចិន​បាន​ប្រឈម​មុខ​ នឹង​បញ្ហាផ្គត់ផ្គង់​ផ្ទះ​លើស​តម្រូវការអស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លងមកហើយ ខណៈដែលប្រទេសផ្សេងជួបការលំបាក ដោយសារកង្វះនៃការផ្គត់ផ្គង់។ ជាមួយគ្នានេះ នៅប្រទេសចិន ​មាន​ផ្ទះ​រាប់​លាន​យូនីត ដែល​ត្រូវ​បាន​លក់​ចេញ ប៉ុន្តែ​មិន​ទាន់ត្រូវ​បាន​ប្រគល់​ទៅកាន់អតិថិជននៅឡើយ។

ក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំបំផុតរបស់ប្រទេសជប៉ុន Nomura បានប៉ាន់ស្មានថា នៅប្រទេសចិន មានផ្ទះប្រហែល២០លានយូនីត ដែលមិនទាន់បានសាងសង់បញ្ចប់រួចរាល់ ពោលគឺស្មើនឹង២០ដងនៃទំហំទុនរបស់ក្រុមហ៊ុន Country Garden Holdings ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សមួយរបស់ប្រទេសចិន។ ទោះជាយ៉ាងនេះក្តី ពុំមែនមានតែប្រទេសចិនទេ ដែលកំពុងជួបបញ្ហា ប៉ុន្តែប្រទេសផ្សេងទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ជួបវិបត្តិទីផ្សារលំនៅដ្ឋានផងដែរ។ជាក់ស្តែង  តម្លៃ​លំនៅដ្ឋាននៅ​ប្រទេសអូស្ត្រាលី បាន​ធ្លាក់​ចុះ​ ក្នុង​ទីក្រុង​ចំនួន​៣ ​ក្នុង​ចំណោម​ទីក្រុង​ចំនួន​៨ ​កាលពី​ខែវិច្ឆិកា ដែលក្នុងនោះ រួមមាន ទាំងទីក្រុងមែលប៊ន និងទីក្រុងស៊ីដនីផងដែរ។ បញ្ហានេះបណ្តាលមកពីកំណើន នៃអត្រាការប្រាក់ដ៏ខ្ពស់ ការទិញធ្លាក់ចុះ ទំនុកចិត្តធ្លាក់ចុះ ព្រមទាំងការព្រួយបារម្ភ អំពីវិបត្តិសេដ្ឋកិច្ច ដែលបាននាំទៅដល់ការដាំក្បាល នៃទីផ្សារលំនៅដ្ឋាននៅប្រទេ​សអូស្ត្រាលី។

ចំណែកតម្លៃផ្ទះ និងប្រតិបត្តិការផ្នែកលក់អចលទ្រព្យ នៅប្រទេ​សសិង្ហបុរី មានការដាំក្បាលចុះយ៉ាងគំហុក។ ក្រុមហ៊ុនអចលនទ្រព្យល្បីឈ្មោះ OrangeTee & Tie បានព្យាករណ៍ថា ការលក់ផ្ទះនៅសិង្ហបុរី នឹងធ្លាក់ចុះមកនៅត្រឹមចន្លោះពី១៦.០០០យូនីត ទៅ១៩.០០០យូនីតនៅឆ្នាំ២០២៤ ដោយចំនួននេះគឺស្មើនឹងពាក់កណ្តាល នៃការលក់សរុបក្នុងឆ្នាំ២០២១។

លោក Nicholas Spiro បានអះអាងថា វិបត្តិទីផ្សារលំនៅដ្ឋាននៅតំបន់អាស៊ី អាចរីករាលដាលដល់ប្រទេសជប៉ុន។ តួយ៉ាង ទីក្រុងតូក្យូ ប្រទេសជប៉ុន កំពុងរងផលប៉ះពាល់​ពីគោលនយោបាយ រឹតបន្តឹងរូបិយវត្ថុរបស់ពិភពលោក ស្របពេលដែលធនា​គារកណ្តាលជប៉ុន (BOJ) បានរក្សាគោលនយោបាយរូបិយវត្ថុ ដែលមានភាពធូររលុងខ្លាំងបំផុត។ជាក់ស្តែង ធនាគារកណ្តាលអាមេរិក (Fed) ធនាគារកណ្តាលអឺរ៉ុប (ECB) និងធនាគារកណ្តាលអង់គ្លេស (BOE) បានដំឡើងអត្រាការប្រាក់ ដើម្បីប្រយុទ្ធនឹងអតិផរណា ប៉ុន្តែផ្ទុយទៅវិញ ធនាគារ BOJ បានរក្សាអត្រាការប្រាក់រយៈពេលខ្លីរបស់ខ្លួន ក្នុងរង្វង់“ដក០,១ភាគរយ” ដែលការណ៍នេះបណ្តាលឱ្យប្រាក់យ៉េន ធ្លាក់ថ្លៃចុះយ៉ាងគំហុកក្នុងពេលថ្មីៗនេះ។

លោក Nicholas Spiro លើកឡើងថា ធនាគារកណ្តាលជប៉ុនអាចនឹងបញ្ចប់គោលនយោបាយ អត្រាការប្រាក់អវិជ្ជមាននាពេលខាងមុខ លឿនជាងការរំពឹងទុករបស់ទីផ្សារ។ ប៉ុន្តែការធ្វើបែបនេះអាចជំរុញឱ្យអត្រាការប្រាក់ លើកម្ចីរយៈពេលខ្លីកើនឡើងខ្ពស់​ ដែលអាចដាក់សម្ពាធទៅលើប្រាក់កម្ចីទិញផ្ទះ។

ទន្ទឹមគ្នានេះ តម្លៃអាផាតម៉ិន នៅទីក្រុងតូក្យូបានហក់ឡើងយ៉ាងគំហុកកាលពីពេលថ្មីៗនេះ។ ចំណែក តម្លៃផ្ទះនៅតាមទីក្រុងផ្សេងទៀតនៅប្រទេសជប៉ុន ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ គិតចាប់តាំងពីឆ្នាំ២០១៩។

លោក Nicholas Spiro យល់ឃើញ​ថា “ទីផ្សារ​អចលន​ទ្រព្យ​នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​មាន​ភាពចម្រុះ និង​ស្មុគស្មាញ ហើយបណ្តាប្រទេសជាច្រើន បានបង្ហាញពីភាពធន់លើសពីការរំពឹងទុក ប៉ុន្តែនៅតែមានសញ្ញានៃការធ្លាក់ចុះខាងផ្នែកសេដ្ឋកិច្ច”។

សេដ្ឋវិទូរូប​នេះ​បានបញ្ជាក់ថា “ទីផ្សារ​អចលនទ្រព្យ​នៅក្នុងប្រទេ​សជប៉ុន អាចនឹងជួបប្រទះវិបត្តិ​ ក្នុងពេល​ឆាប់ៗខាង​មុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here