ដំណឹងល្អៈ ក្រុមហ៊ុនជប៉ុនប្រមាណ២០គ្រោងចូលរួមវិនិយោគលើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុន​ជប៉ុន​ប្រហែល២២ មាន​ផែនការ​គ្រោង​នឹងចូលរួម​វិនិយោគ​លើ​ការ​សាងសង់​ ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ (TIA) ក្នុងន័យពន្លឿនការសាងសង់ព្រលានយន្តហោះនេះ។

គំរោងវិនិយោគនេះ ក៏ដើម្បី​ចាប់យក​ការ​ស្ទុះ​ងើបឡើង​វិញ​ជា​បណ្ដើរៗ នៃ​វិស័យ​ទេសចរណ៍​ដែល​រង​ផលប៉ះពាល់ យ៉ាងខ្លាំង​ក្នុងអំឡុ​ងពេល នៃ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​​ ១៩ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​។​

លោកស៊ិន ចាន់​សិរី​វុត្ថា អនុ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរ​ស៊ីវិល (SSCA)​ បាន​មានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ថ្នាក់ដឹកនាំក្រុមហ៊ុន​ទាំងនោះ​បាន មក​ទស្សនា​ ព្រលានយន្តហោះ​កាលពី​ថ្ងៃទី ​២០ ខែធ្នូ​ ដើម្បី​សិក្សា​ពី​សក្តានុពល និង​ការរីកចម្រើន​នៃ​ព្រលានយន្តហោះ​នេះ ខណៈដែល​ពួកគេ​គ្រោង​នឹង​វិនិយោគ​មួយចំនួន​ផងដែរ​។

លោក​បានឱ្យ​ឱ្យដឹងថា ព្រលាន​យន្តហោះ​អន្តរជាតិ​តេ​ជោ ជា​ព្រលាន​ យន្តហោះ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស ខណៈដែល​គម្រោង​នេះ​សាងសង់​លើ​ផ្ទៃដី​ទំហំ២៨០០ហិកតា នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខេត្តតាកែវ​។

គិត​ត្រឹម​សប្តាហ៍​ទី​១ ​នៃ​ខែធ្នូ ការ​សាងសង់​ព្រលានយន្តហោះ​នេះ សម្រេចបាន​ជាង៥៨ភាគរយ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៤ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ២០២៥​។​

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​នាពេល​ថ្មីៗ​នេះ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅកាន់​ប្រទេស​ជប៉ុន ក៏​ជា​ចំណុច​ដ៏​សំខាន់​ សម្រាប់​ការទាក់ទាញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលរួម​ក្នុងការ​វិនិយោគ ​លើ​ព្រលាន​យន្តហោះ​ផងដែរ​។

លោកបញ្ជាក់​បន្តថា “​ការវិនិយោគ​ព្រលានយន្តហោះ​កម្ពុជា (CAI)​ អនុញ្ញាតឱ្យ​យើង​នាំយក ​ក្រុមហ៊ុន​ជប៉ុន​ចំនួន២២មក​ទស្សនកិច្ច​សិក្សា​នៅ​ការដ្ឋាន​សំណង់ ដើម្បី​ពិនិត្យមើល​ពី​សក្តានុពល និង​វឌ្ឍនភាព​ ដើម្បី​ពួកគេ​ធ្វើការ​សម្រេចចិត្ត​ ក្នុង​ការចូល​រួមការ​​វិនិយោគ​”។

​លោកស៊ិន ចាន់សិរីវុត្ថាបានឲ្យដឹងថា សម្រាប់​ដំណាក់​កាល​ទី​១ នៃ​ការសាងសង់ នឹងត្រូវ​ចំណាយ​ថវិកា​ចំនួន៨០០​លាន​ដុល្លារ សម្រា​ប់​ការងារ​សំខាន់ៗ ហើយ​បច្ចុប្បន្ន ស្ថានីយ​អ្នកដំណើរ​ក្រោម​ការគ្រប់​គ្រង​របស់​ក្រុមហ៊ុន​China Construction Unit III (CCTEB) សម្រេចបាន៤៧,៤​ភាគរយ​ហើយ។ មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ថាមពល​សម្រេចបាន៧៣,៧ភាគរយ ការងារ​ទាក់ទង​នឹង​ចំណតរថយន្ត ក្រោ​ម​ការគ្រប់គ្រង​រប​ស់​ក្រុមហ៊ុន shanghai baoye (Cambodia) co. ltd សម្រេចបាន៥២,២ ភាគរយ​។​

សម្រាប់​ការសាងសង់​ប៉ម​ត្រួតពិនិត្យ ​ចរាចរណ៍​ផ្លូវអាកាស​ក្រោ​ម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន ​Cana Sino Construction Corporation ក៏​សម្រេចបាន៩០,៨ ភាគរយ​ហើយ​។​

លោក​បានបញ្ជាក់ទៀតថា “​ប្រសិនបើ​គ្មានអ្វី​ផ្លាស់ប្តូរ​ទេ គម្រោ​ង​នេះ ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៤ ហើយ​យើង​រំពឹងថា ព្រលានយន្តហោះ​នេះ ​នឹង​បើក​ដំណើរការ​នៅ​ឆមាស​ទី​១ ឆ្នាំ​២០២៥”។​

លោក​បន្តថា ការសាងសង់​បាន ចាប់ផ្ដើម​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៩ TIA នឹងត្រូវ​បញ្ចប់​ក្នុងដំណាក់កាល​ទី១ ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤​។ នេះ​បើ​យោងតាម​ផែនការមេ ដែល​បានធ្វើ​បច្ចុប្បន្នភាព​របស់​ក្រុមហ៊ុន ​CAIC​។​

CAIC ជា​ក្រុមហ៊ុន​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​មូលដ្ឋាន៩០:១០​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រុមហ៊ុន ​OCIC នៅក្នុង​កំណត់ត្រា​នៅលើ​គេហទំព័រ​របស់ខ្លួន​។​

បើតាម​ទិន្នន័យ​របស់ SSCA ចន្លោះ​ពី​ខែមករា ដល់​ខែកញ្ញា ព្រលានយន្តហោះ​អន្តរជាតិ​ទាំង​៣​ របស់​កម្ពុជា​បាន​ស្វាគមន៍​អ្នកដំណើរ​សរុប​ចំនួន​ជិត៣,៧ ​លាន​នាក់ កើនឡើង១៦២ភាគរយ ​ធៀប​នឹង​ឆ្នាំមុន​។ តួលេខ​ពី​ក្រសួង​ដែល​បានចេញ​ផ្សាយ ​កាលពី​ចុង​សប្តាហ៍​មុន​បង្ហាញថា ក្នុង​រយៈ​ពេល ១០​ ខែ នៃ​ឆ្នាំ​ ២០២៣ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ សរុប​ជាង៤,៤​លាន​នាក់ ​កើនឡើង​ចំនួន ១៧៩,៧​ ភាគរយ បើ​ធៀប​នឹង​រយៈ​​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here