ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនប្រហែល២២ មានផែនការគ្រោងនឹងចូលរួមវិនិយោគលើការសាងសង់ ព្រលានយន្តហោះអន្តរជាតិតេជោ (TIA) ក្នុងន័យពន្លឿនការសាងសង់ព្រលានយន្តហោះនេះ។
គំរោងវិនិយោគនេះ ក៏ដើម្បីចាប់យកការស្ទុះងើបឡើងវិញជាបណ្ដើរៗ នៃវិស័យទេសចរណ៍ដែលរងផលប៉ះពាល់ យ៉ាងខ្លាំងក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះបាន មកទស្សនា ព្រលានយន្តហោះកាលពីថ្ងៃទី ២០ ខែធ្នូ ដើម្បីសិក្សាពីសក្តានុពល និងការរីកចម្រើននៃព្រលានយន្តហោះនេះ ខណៈដែលពួកគេគ្រោងនឹងវិនិយោគមួយចំនួនផងដែរ។
លោកបានឱ្យឱ្យដឹងថា ព្រលានយន្តហោះអន្តរជាតិតេជោ ជាព្រលាន យន្តហោះឈានមុខគេមួយក្នុងប្រទេស ខណៈដែលគម្រោងនេះសាងសង់លើផ្ទៃដីទំហំ២៨០០ហិកតា នៅក្រុងតាខ្មៅ ខេត្តកណ្តាល និងខេត្តតាកែវ។
គិតត្រឹមសប្តាហ៍ទី១ នៃខែធ្នូ ការសាងសង់ព្រលានយន្តហោះនេះ សម្រេចបានជាង៥៨ភាគរយ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៤ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៥។
លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ជាមួយនឹងដំណើរទស្សនកិច្ចនាពេលថ្មីៗនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន ក៏ជាចំណុចដ៏សំខាន់ សម្រាប់ការទាក់ទាញវិនិយោគិនជប៉ុន ឱ្យចូលរួមក្នុងការវិនិយោគ លើព្រលានយន្តហោះផងដែរ។
លោកបញ្ជាក់បន្តថា “ការវិនិយោគព្រលានយន្តហោះកម្ពុជា (CAI) អនុញ្ញាតឱ្យយើងនាំយក ក្រុមហ៊ុនជប៉ុនចំនួន២២មកទស្សនកិច្ចសិក្សានៅការដ្ឋានសំណង់ ដើម្បីពិនិត្យមើលពីសក្តានុពល និងវឌ្ឍនភាព ដើម្បីពួកគេធ្វើការសម្រេចចិត្ត ក្នុងការចូលរួមការវិនិយោគ”។
លោកស៊ិន ចាន់សិរីវុត្ថាបានឲ្យដឹងថា សម្រាប់ដំណាក់កាលទី១ នៃការសាងសង់ នឹងត្រូវចំណាយថវិកាចំនួន៨០០លានដុល្លារ សម្រាប់ការងារសំខាន់ៗ ហើយបច្ចុប្បន្ន ស្ថានីយអ្នកដំណើរក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនChina Construction Unit III (CCTEB) សម្រេចបាន៤៧,៤ភាគរយហើយ។ មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលសម្រេចបាន៧៣,៧ភាគរយ ការងារទាក់ទងនឹងចំណតរថយន្ត ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន shanghai baoye (Cambodia) co. ltd សម្រេចបាន៥២,២ ភាគរយ។
សម្រាប់ការសាងសង់ប៉មត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាសក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Cana Sino Construction Corporation ក៏សម្រេចបាន៩០,៨ ភាគរយហើយ។
លោកបានបញ្ជាក់ទៀតថា “ប្រសិនបើគ្មានអ្វីផ្លាស់ប្តូរទេ គម្រោងនេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤ ហើយយើងរំពឹងថា ព្រលានយន្តហោះនេះ នឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥”។
លោកបន្តថា ការសាងសង់បាន ចាប់ផ្ដើមដំណើរការកាលពីឆ្នាំ ២០១៩ TIA នឹងត្រូវបញ្ចប់ក្នុងដំណាក់កាលទី១ នៅពាក់កណ្តាលឆ្នាំ ២០២៤។ នេះបើយោងតាមផែនការមេ ដែលបានធ្វើបច្ចុប្បន្នភាពរបស់ក្រុមហ៊ុន CAIC។
CAIC ជាក្រុមហ៊ុនវិនិយោគរួមរវាងក្រុមហ៊ុន Overseas Cambodia Investment Corp Ltd (OCIC) និង SSCA ត្រូវបានបង្កើតឡើងដោយឈរលើមូលដ្ឋាន៩០:១០។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន OCIC នៅក្នុងកំណត់ត្រានៅលើគេហទំព័ររបស់ខ្លួន។
បើតាមទិន្នន័យរបស់ SSCA ចន្លោះពីខែមករា ដល់ខែកញ្ញា ព្រលានយន្តហោះអន្តរជាតិទាំង៣ របស់កម្ពុជាបានស្វាគមន៍អ្នកដំណើរសរុបចំនួនជិត៣,៧ លាននាក់ កើនឡើង១៦២ភាគរយ ធៀបនឹងឆ្នាំមុន។ តួលេខពីក្រសួងដែលបានចេញផ្សាយ កាលពីចុងសប្តាហ៍មុនបង្ហាញថា ក្នុងរយៈពេល ១០ ខែ នៃឆ្នាំ ២០២៣ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ សរុបជាង៤,៤លាននាក់ កើនឡើងចំនួន ១៧៩,៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕