អុីតាលីសម្រេចបើកការិយាល័យពាណិជ្ជកម្មនៅសិង្ហបុរី ដើម្បីស្វែងរកឱកាសវិនិយោគទូទាំងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសអុីតាលីបានសម្រេចបើកការិយាល័យពាណិ​ជ្ជកម្មថ្មីមួយ នៅប្រទេសសិង្ហបុរី ដើម្បីជួយដល់ក្រុមហ៊ុនរបស់ខ្លួនក្នុងការចាប់យកឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងរីកចម្រើ​ននៅទូទាំងតំបន់អាស៊ាន។

ការិយាល័យនេះ នឹងគ្រប់គ្រងចាត់ចែងគម្រោងថ្មីៗ នៅតំបន់អាស៊ាន ដែលមានតម្លៃជាង៨ពាន់លានដុល្លារ ហើយដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកលក់ទំនិញ និងបច្ចេកវិទ្យារបស់អុីតាលី ទៅកាន់ក្រុមហ៊ុនក្នុងតំបន់ ដែលត្រូវការពួកគេ។

ការិយាល័យនេះ ក៏ផ្តល់ការធានារ៉ាប់រង និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងទៀត ដល់ក្រុមហ៊ុននាំចេញរបស់អុីតាលី ដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យម (SMEs)។ការិយាល័យនេះ ត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសអុីតាលី។

លោកស្រី Michal Ron ប្រធានផ្នែកធុរកិច្ចអន្តរជាតិនៅទីភ្នាក់​ងារឥណទាននាំចេញរបស់អុីតាលី(SACE) បានមានប្រសាសន៍ឱ្យដឹងថា “ សិង្ហបុរីក្លាយជាគោលដៅ ប្រកបដោយសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុនអុីតាលី ដែលកំពុងស្វែងរកឱកាស នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន”។

លោកស្រីបានអះអាងថា គម្រោងតម្លៃ៨ពាន់លានដុល្លារ ដែលយើងបាននិងកំពុងពិចារណា នឹងផ្តោតលើ វិស័យផ្សេងៗជាច្រើន រួមទាំងបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព អាហា​រ និងភេសជ្ជៈ កសិពាណិជ្ជកម្ម និងសារធាតុគីមី។

លោក​ស្រី​បញ្ជាក់បន្ថែមថា “យើង​កំពុង​សម្លឹង​រកមើល​ឱកាស និងមាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ​ចំពោះ​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច និង​ផែនការ​ផ្លាស់ប្តូរ ប្រកប​ដោយ​និរន្តរភាព ​នៅក្នុង​ប្រទេស​សិង្ហបុរី និង​តំបន់​អាស៊ាន”។

ប្រទេសអ៊ីតាលី ដែលមានទំហំសេដ្ឋកិច្ច២ទ្រីលានដុល្លារអាមេរិក និងក្បាលម៉ាស៊ីនមួយនៃសហភាពអឺរ៉ុប ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយប្រទេសនេះ មានអាហារឆ្ងាញ់ៗ ដូចជា ភីហ្សា និងប៉ាស្តា ព្រមទាំងម៉ាកយីហោម៉ូដល្បីៗដូចជា Gucci និង Prada រួមទាំងរថយន្តស្ព័រ Ferrari និងរថយន្តម៉ាក Lamborghini ។

ប៉ុន្តែ ប្រទេសអ៊ីតាលី ក៏ជាបណ្តុំរបស់ក្រុមហ៊ុនពហុជាតិសាសន៍ផងដែរ ដូចជា ក្រុមហ៊ុនថាមពលអគ្គិសនី Enel ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស ENI និងធនាគារ UniCredit ដែលសុទ្ធតែមានវត្តមាននៅក្នុងប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here