ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអុីតាលីបានសម្រេចបើកការិយាល័យពាណិជ្ជកម្មថ្មីមួយ នៅប្រទេសសិង្ហបុរី ដើម្បីជួយដល់ក្រុមហ៊ុនរបស់ខ្លួនក្នុងការចាប់យកឱកាសពាណិជ្ជកម្ម និងការវិនិយោគដែលកំពុងរីកចម្រើននៅទូទាំងតំបន់អាស៊ាន។
ការិយាល័យនេះ នឹងគ្រប់គ្រងចាត់ចែងគម្រោងថ្មីៗ នៅតំបន់អាស៊ាន ដែលមានតម្លៃជាង៨ពាន់លានដុល្លារ ហើយដើរតួនាទីជាស្ពានតភ្ជាប់រវាងអ្នកលក់ទំនិញ និងបច្ចេកវិទ្យារបស់អុីតាលី ទៅកាន់ក្រុមហ៊ុនក្នុងតំបន់ ដែលត្រូវការពួកគេ។
ការិយាល័យនេះ ក៏ផ្តល់ការធានារ៉ាប់រង និងដំណោះស្រាយហិរញ្ញវត្ថុផ្សេងទៀត ដល់ក្រុមហ៊ុននាំចេញរបស់អុីតាលី ដោយផ្តោតលើសហគ្រាសធុនតូច និងមធ្យម (SMEs)។ការិយាល័យនេះ ត្រូវបានគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសអុីតាលី។
លោកស្រី Michal Ron ប្រធានផ្នែកធុរកិច្ចអន្តរជាតិនៅទីភ្នាក់ងារឥណទាននាំចេញរបស់អុីតាលី(SACE) បានមានប្រសាសន៍ឱ្យដឹងថា “ សិង្ហបុរីក្លាយជាគោលដៅ ប្រកបដោយសក្តានុពលខ្ពស់សម្រាប់ក្រុមហ៊ុនអុីតាលី ដែលកំពុងស្វែងរកឱកាស នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម និងហ្វីលីពីន”។
លោកស្រីបានអះអាងថា គម្រោងតម្លៃ៨ពាន់លានដុល្លារ ដែលយើងបាននិងកំពុងពិចារណា នឹងផ្តោតលើ វិស័យផ្សេងៗជាច្រើន រួមទាំងបច្ចេកវិទ្យាបៃតង ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព អាហារ និងភេសជ្ជៈ កសិពាណិជ្ជកម្ម និងសារធាតុគីមី។
លោកស្រីបញ្ជាក់បន្ថែមថា “យើងកំពុងសម្លឹងរកមើលឱកាស និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច និងផែនការផ្លាស់ប្តូរ ប្រកបដោយនិរន្តរភាព នៅក្នុងប្រទេសសិង្ហបុរី និងតំបន់អាស៊ាន”។
ប្រទេសអ៊ីតាលី ដែលមានទំហំសេដ្ឋកិច្ច២ទ្រីលានដុល្លារអាមេរិក និងក្បាលម៉ាស៊ីនមួយនៃសហភាពអឺរ៉ុប ត្រូវបានគេស្គាល់យ៉ាងច្បាស់ ដោយប្រទេសនេះ មានអាហារឆ្ងាញ់ៗ ដូចជា ភីហ្សា និងប៉ាស្តា ព្រមទាំងម៉ាកយីហោម៉ូដល្បីៗដូចជា Gucci និង Prada រួមទាំងរថយន្តស្ព័រ Ferrari និងរថយន្តម៉ាក Lamborghini ។
ប៉ុន្តែ ប្រទេសអ៊ីតាលី ក៏ជាបណ្តុំរបស់ក្រុមហ៊ុនពហុជាតិសាសន៍ផងដែរ ដូចជា ក្រុមហ៊ុនថាមពលអគ្គិសនី Enel ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស ENI និងធនាគារ UniCredit ដែលសុទ្ធតែមានវត្តមាននៅក្នុងប្រទេសសិង្ហបុរី៕ប្រភព: The Strait Times៕