ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសចិនបានអះអាងថា ខ្លួនកំពុងជួយដល់ប្រទេសឡាវ ក្នុងការបន្ធូរបន្ថយបន្ទុកបំណុល ដ៏ច្រើនរបស់ខ្លួន ខណៈពេលដែលប្រទេសមួយនេះ កំពុងប្រឈមហានិភ័យខ្ពស់ នៃការខកខានទូទាត់សងបំណុលបរទេស។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានបានឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះការសាកសួរសំណួររបស់កាសែត Bloomberg ថា “ទីក្រុងប៉េកាំងបានអនុវត្តន៍ កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមក ជាមួយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នានា រួមទាំងប្រទេសឡាវផងដែរ ដើម្បីចូលរួមផ្តល់ការគាំទ្រ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម”។
អ្នកនាំពាក្យរូបនោះបានបញ្ជាក់ថា “ទន្ទឹមនឹងនោះ ទីក្រុងប៉េកាំងបាន និងកំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជួយបណ្តាប្រទេសពាក់ព័ន្ធនានា ក្នុងការសម្រាលបន្ទុកបំណុ លរបស់ពួកគេ”។
គិតមកទល់ពេលនេះ ប្រទេសចិនគឺជាម្ចាស់បំណុលធំជាងគេបំផុតរបស់ប្រទេសឡាវ។ ប្រទេសដ៏តូចមួយនេះ ជំពាក់បំណុលសាធារណៈ និងបំណុលធានាជាសាធារណៈសរុបចំនួន១៣,៨ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងឆ្នាំមុន ដែលមានអត្រាស្មើនឹង១០៨% នៃទំហំផលទុនជាតិសរុបរបស់ខ្លួន។
បញ្ហាបំណុលរបស់ប្រទេសឡាវបានលេចឡើងស្របពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោកចូបៃដិនកំពុងខិតខំអូសទាញប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាកចេញពីឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន តែងតែចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងថាជា “ការទូតអន្ទាក់បំណុល” ខណៈប្រទេសនានា ដូចជា ប្រទេសស្រីលង្កា និងប៉ាគីស្ថាន កំពុងប្រឈមការលំបាក ក្នុងការទូទាត់សងបំណុល។
យ៉ាងណាមិញ រដ្ឋាភិបាលចិន បានច្រានចោលជុំវិញការចោទប្រកាន់នេះ ដោយអះអាងថា “វោហាសាស្ត្ររបស់សហរដ្ឋអាមេរិក មានគោលបំណងបង្អាក់ កិច្ចសហប្រតិបត្តិការរបស់ទីក្រុងប៉េកាំង ជាមួយប្រទេសកំពុងអភិវឌ្ឍន៍នានា”៕ប្រភព: Bloomberg៕