ការ​លក់​ផ្ទះ​នៅប្រទេស​ចិន​បន្ត​ដាំក្បាលចុះ​នៅខែ​កក្កដា ខណៈរដ្ឋាភិបាលចិនមិនបានដាក់ចេញវិធានការថ្មី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​ផ្ទះ​នៅប្រទេស​ចិន​បាន​បន្ត​ដាំក្បាលចុះ​នៅខែ​កក្កដា ខណៈ​វិធានការបញ្ចុះតម្លៃ​លំនៅដ្ឋានរបស់បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនានានៅតែមិនអាច​ទាក់​ទាញ​អ្នក​ទិញ។ ប្រការនេះទាមទារឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការ​ថ្មីៗ​ដើម្បី​ជំរុញទីផ្សារលំនៅដ្ឋានក្នុងប្រទេសចិន។

យោងតាមទិន្នន័យបឋមពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យចិន China Real Estate Information Corp បានឱ្យដឹងថា ទំហំទឹកប្រាក់ពីការលក់ផ្ទះថ្មីរបស់បណ្តាក្រុមហ៊ុនអចលនទ្រព្យចិនធំៗចំនួន១០០ បានដាំក្បាលចុះ២៤ភាគរយធៀបនឹងឆ្នាំមុនមកនៅត្រឹមចំនួន២១១,២ពាន់លានយ័ននៅក្នុងខែកក្កដា ឆ្នាំនេះ។

ការ​ដាំក្បាលចុះ​នៃទីផ្សារលំនៅដ្ឋានរបស់​ប្រទេស​ចិន​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៤ឆ្នាំ​មក​ហើយ ខណៈតម្លៃ​ផ្ទះ​ថ្មី​កាលពីខែមិថុនាបាន​ធ្លាក់​ចុះ​ក្នុងល្បឿនលឿនបំផុត​ក្នុង​រយៈ​ពេល​៨​ខែ​។

លោក Lu Ting ប្រធាន​សេដ្ឋវិទូ​ចិន​ប្រចាំ​ធនាគារ Nomura Holdings បាន​សរសេរ​នៅ​ក្នុង​កំណត់​ត្រា​ថ្មី​មួយ​ថា “វិស័យ​អចលនទ្រព្យ​ក្នុងប្រទេសចិននៅ​តែបន្តជួបប្រទះបញ្ហា​ប្រឈមជាច្រើន”។

ជាមួយគ្នានេះ ការអំពាវនាវឱ្យរដ្ឋាភិបាលចិនដាក់ចេញវិធានការគោលនយោបាយថ្មីៗបន្ថែមទៀតដើម្បីស្រោចស្រង់ទីផ្សារលំនៅដ្ឋានក្នុងស្រុកបានផុសផុលឡើងកាន់តែខ្លាំង ស្របពេលដែលវិបត្តិនេះកំពុងបន្តអូសបន្លាយ និងជះផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ចចិន។

ទោះជាយ៉ាងណា ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលរបស់ប្រទេសចិនបានបដិសេធចំពោះការដាក់ចេញវិធានការជំរុញទីផ្សារអចលនទ្រព្យនៅឯកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ បន្ទាប់ពីសេដ្ឋកិច្ចចិនបានកើនឡើងយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងរង្វង់៥,២ភាគរយនៅត្រីមាសទី២ ឆ្នាំ២០២៥៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here