តម្លៃលំនៅដ្ឋាននៅក្នុងតំបន់ដែនដីថ្មីរបស់ក្រុងហុងកុង ហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លំហូរនិស្សិត និងអ្នកជំនាញការងារកំពុងជំរុញតម្រូវការលំនៅដ្ឋាន នៅក្នុងតំបន់ដែនដីថ្មី (New Territories)នៃទីក្រុងហុងកុង និងតម្លៃជួលដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល​៦ឆ្នាំ ​ទោះបីជា​ទីផ្សារ​អចលន​ទ្រព្យ​ ក្នុងតំបន់ផ្សេងទៀតកំពុងដាំក្បាលចុះយ៉ាងណាក្តី។

ផ្ទះល្វែងប្រភេទ Studio ទំហំ២៣៥ហ្វីតការ៉េ នៅឯគម្រោង Novo Land ក្នុងសង្កាត់ Tuen Mun នៃតំបន់ New Territories ត្រូវបានដាក់ជួល ក្នុងតម្លៃ១.៥៦៥ដុល្លារអាមេរិក ឬស្មើនឹង៦,៦៦ដុល្លារក្នុងមួយហ្វីតការ៉េ។

-->

ការជួលផ្ទះនៅតំបន់ New Territories មានតម្លៃប្រហាក់ប្រហែល នឹងគម្រោងមួយចំនួន នៅលើកោះហុងកុង។ តួយ៉ាង ផ្ទះល្វែងទំហំ២៣៦ហ្វីតការ៉េ នៅគម្រោង The Holborn ក្នុងសង្កាត់ Sai Wan Ho កំពុងដាក់ជួលក្នុងតម្លៃ១៧៩៧ដុល្លារអាមេរិកក្នុងមួយខែ។ នេះបើយោងតាមទិន្នន័យ នៅលើគេហទំព័រ Midland Realty ។

ផ្អែកលើខ្នាតក្នុងមួយហ្វីតការ៉េ ផលចំណេញត្រឡប់ពីការជួលនៅតំបន់ New Territories មានកម្រិតខ្ពស់ជាងនៅគម្រោងលំនៅដ្ឋានប្រណីត Residence Bel-Air ស្ថិតនៅសង្កាត់ភាគខាងត្បូងនៃកោះហុងកុង។ នេះបើយោងតាមសារពត៌មាន South China Morning Post។

យោងតាមទីភ្នាក់ងារ Midland Realty បានឱ្យដឹងថា ផ្ទះជាប់មាត់សមុទ្រទំហំ១.៣៤០ហ្វីតការ៉េ នៅក្នុងគម្រោង Bel-Air ដំណាក់កាលទី៦ ត្រូវបានជួលក្នុងតម្លៃ៨.៣៤៥ដុល្លារអាមេរិក ក្នុងមួយខែ ឬស្មើនឹង៦,២៣ដុល្លារ ក្នុងមួយហ្វីតការ៉េ។

លោក Lau Ka-fai ប្រធានក្រុមអ្នកវិភាគនៅទីភ្នាក់ងារ Midland Realty បានលើកឡើងថា “ទីផ្សារជួលនៅក្នុងតំបន់ដែនដីថ្មីនេះ មានភាពសកម្ម។ ផ្ទះ​ខ្នាត​តូច​ និងផ្ទះខ្នាតមធ្យម​ដែល​មាន​តម្លៃ​ជួល ប្រហែល២.៥៦៧ដុល្លារ​អាមេរិក ​ក្នុង​មួយ​ខែ​មាន​ការ​ពេញ​និយម​ខ្លាំង ហើយ​តំបន់ New Territories ផ្តល់​ជម្រើស​ច្រើន​ជាង​កោះ​ហុងកុង”។

តំបន់ដែនដីថ្មី ឬ New Territories ជាតំបន់សំខាន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំង៣ នៃទីក្រុងហុងកុង មានទីតាំងស្ថិតនៅតាមបណ្តោយកោះហុងកុង និងឧបទ្វីបKowloon។

អាជ្ញាធររូបិយវត្ថុ នៃតំបន់រដ្ឋបាលពិសេស ក្រុងហុងកុងបានសម្រេចចិត្ដ រក្សាទុកអត្រាការប្រាក់ឱ្យនៅថេរចំនួន៧លើកជាប់ៗគ្នា គិតត្រឹមដើមខែសីហា ស្របតាមការសម្រេចចិត្តរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។

ធនាគារកណ្តាលអាមេរិក(Fed) បានផ្តល់សញ្ញាអំពីផែន​ការកាត់បន្ថយអត្រានៅដើមខែកញ្ញា ឆ្នាំនេះ ខណៈក្រុមវិនិយោគិន បានព្យាករណ៍ចំនួន៣លើកនៅឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ ​​CME Group៕

ប្រភព: SCMP