ដោយ: គង់ លាងហួរ
អន្តរជាតិ: សណ្ឋាគារចំនួន៦ មកពីប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងវៀតណាម បានជាប់ឈ្មោះក្នុងចំណោមសណ្ឋាគារល្អបំផុតទាំង៥០ របស់ពិភពលោក ស្ថិតក្រោមការវាយតម្លៃដោយសារពត៌មាន The Telegraph របស់ប្រទេសអង់គ្លេស។
តួយ៉ាង សណ្ឋាគារ Shinta Mani Wild ក្នុងទីក្រុងព្រះសីហនុនៃប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៧ក្នុងចំណោមសណ្ឋាគារល្អបំផុតទាំង៥០ របស់ពិភពលោក។
សណ្ឋាគារនេះមានទីតាំងនៅក្នុងព្រៃទឹកភ្លៀង ដោយមានការបោះជំរុំតង់ចំនួន១៥ ដែលមានបន្ទប់គេងបំពាក់ដោយម៉ាស៊ីនត្រជាក់ វត្ថុបុរាណ ព្រមទាំងមានអាងហែលទឹកហ៊ុព័ទ្ធដោយទេសភាពបែបធម្មជាតិ។
លើសពីនេះ ភ្ញៀវទេសចរណ៍អាចហែលទឹកនៅតាមតំបន់ទឹកធ្លាក់ក្បែរៗនោះ ឬអាចចូលរួមក្នុងសកម្មភាពនៃការចុះល្បាតប្រឆាំងការបរបាញ់សត្វព្រៃ។នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន The Telegraph។
ចំណែក សណ្ឋាគារ Mandarin Oriental នៅទីក្រុងបាងកក បានទទួលពានរង្វាន់ជាសណ្ឋាគារល្អបំផុតរបស់ពិភពលោកនៅក្នុងកម្មវិធី Telegraph Hotel Awards។
សណ្ឋាគារនេះត្រូវបានសាងសង់ឡើងនៅតាមបណ្តោយដងទន្លេ Chao Phraya ក្នុងទីក្រុងបាងកក ដោយមានភោជនីយដ្ឋានធំៗ និងបុគ្គលិកប្រកបដោយបទពិសោធន៍ ខណៈបុគ្គលិកភាគច្រើនបានធ្វើការនៅទីនោះអស់ជាច្រើនទសវត្សរ៍មកហើយ។ នេះបើយោងតាមគណៈវិនិច្ឆ័យរបស់សារពត៌មាន The Telegraph។
ជាមួយគ្នានេះ សណ្ឋាគារ Nay Palad Hideaway ដែលមានទីតាំងនៅលើកោះ Siargao ក្នុងប្រទេសហ្វីលីពីន បានជាប់ចំណាត់ថ្នាក់ទី១៥ ក្នុងបញ្ជី។ រមណីយដ្ឋាននេះមានផ្ទះវីឡាចំនួន១០ហ៊ុព័ទ្ធដោយសួនច្បារត្រូពិច។
សណ្ឋាគារ Banyan Tree Buahan ដែលមានទីតាំងនៅលើកោះ Bali ក្នុងប្រទេសឥណ្ឌូណេស៊ី បានជាប់ចំណាត់ថ្នាក់ទី១៩។ សណ្ឋាគារនេះមានទីតាំងនៅភូមិ Buahan ជាមួយនឹងរចនាបថ ដែលគ្មានការបិទបាំងដោយជញ្ជាំង និងទ្វារនោះទេ ដើម្បីអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍អាចសម្រាកលំហែប្រកបដោយភាពសុខដុមជាមួយធម្មជាតិ។
ចំណែក សណ្ឋាគារ Six Senses Yao Noi នៅប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២១ ខណៈសណ្ឋាគារ Zanier Hotels Bai San Ho នៅខេត្ត Phu Yen ភាគកណ្តាលនៃប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់ទី៤៤៕ប្រភព: Vnexpress៕