សហរដ្ឋអាមេរិកគ្រោងដាក់លក់ដីសាធារណៈរាប់លានហិកតា ដើម្បីប្រមូលចំណូលប៉ះប៉ូវការកាត់បន្ថយពន្ធ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើដាក់លក់ដីសាធារណៈរាប់លានហិកតា ដើម្បីជួយផ្តល់មូលនិធិដល់ផែនការកាត់បន្ថយពន្ធ និងការចំណាយរបស់រដ្ឋបាលលោក ត្រាំ។

ផ្ទៃដីប្រហែល១,២លានហិកតាដែលជាកម្មសិទ្ធិរបស់ការិយាល័យគ្រប់គ្រងដីធ្លី និងសេវាកម្មព្រៃឈើរបស់រដ្ឋាភិបាលអាមេរិក នឹងត្រូវបានលក់ ដែលអាចកៀរគរទំហំទឹកប្រាក់ចំនួន១០ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។

ការលក់ដីនេះជាផ្នែកមួយនៃផែនការក្នុងការប្រមូលទំហំទឹកប្រាក់ឱ្យបានចំនួន២៩ពាន់លានដុល្លារតាមរយៈការបង្កើនការលក់ប្រេង ឧស្ម័ន ធ្យូងថ្ម រួមទាំងការខួងយកប្រេងនៅក្នុងដែនជម្រកសត្វព្រៃជាតិអាកទិករបស់រដ្ឋអាឡាស្កា។

គម្រោង​លក់​ដី​សាធារណៈ​ដើម្បី​ប៉ះប៉ូវការបាត់បង់ប្រាក់ចំណូល ដោយសារការកាត់បន្ថយពន្ធ ​បាន​បង្ក​ឱ្យមានភាពចម្រូងចម្រាស់។ ក្នុងនោះ សំណើលក់ដីប្រមាណ៥០០.០០០ហិកតានៅរដ្ឋ Utah និងរដ្ឋ Nevada ត្រូវបានដកចេញពីសភា បន្ទាប់ពីមានការប្រឆាំងពីសមាជិកគណបក្សសាធារណរដ្ឋមួយចំនួន។

រដ្ឋបាលលោក ត្រាំ បានអះអាងថា ការលក់ដីទាំងនេះមានភាពចាំបាច់ដើម្បីផ្តល់ដីតម្លៃថោកក្នុងគោលបំណងជួយដោះស្រាយវិបត្តិលំនៅដ្ឋាន និងដើម្បីជួយរដ្ឋភាគខាងលិច ដែលកាន់កាប់ដីសាធារណៈយ៉ាងច្រើន និងស្ដារតំបន់ទាំងនោះឱ្យមានផលប្រយោជន៍សេដ្ឋកិច្ច។

គណៈកម្មាធិការថាមពលព្រឹទ្ធសភាអាមេរិកបានលើកឡើងថា ផែនការនេះនឹងប្រើប្រាស់ចំនួនមិនដល់១ភាគរយផងនៃដីសាធារណៈសម្រាប់សាងសង់លំនៅដ្ឋាន។ ផែនការនេះនឹងបង្កើតការងាររាប់ពាន់កន្លែង និងជួយឱ្យពលរដ្ឋអាមេរិករាប់លាននាក់មានផ្ទះសម្បែង និងកាត់បន្ថយឱនភាព។

ផែនការនេះមានគោលដៅស្របនឹងផែនការរបស់រដ្ឋបាលលោក ដូ ណាល់ត្រាំ ដើម្បីប្រែក្លាយដីទំនេរមិនបានប្រើប្រាស់ទៅជាតំបន់មានការអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here