វិមានដ៏ធំមួយនៅគម្រោងលំនៅដ្ឋាន The Peak លើកោះហុងកុងប្រកាសដាក់លក់បញ្ចុះតម្លៃអស់២ភាគ៣

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការ​លក់​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យរបស់​ទីក្រុងហុងកុងនៃប្រទេសចិននៅតែបន្តជួបការលំបាក។ថ្មីៗនេះ វិមានដ៏ធំមួយក្នុងគម្រោង The Peak ត្រូវបានចុះបញ្ជីសម្រាប់ប្រកាសដាក់លក់បញ្ចុះតម្លៃចំនួន២ភាគ៣នៃតម្លៃសរុបកាលពីទិញដំបូង។

ផ្ទះកម្ពស់៣ជាន់ដែលស្ថិតលើផ្លូវ 12 Mount Kellett នៅគម្រោង Twelve Peaks នេះត្រូវបានដាក់លក់ក្នុងតម្លៃ៣៣០លានដុល្លារហុងកុង (ប្រមាណ៤២លានដុល្លារអាមេរិក) ដោយម្ចាស់បំណុល។នេះបើយោងតាមក្រុមហ៊ុន ​​Colliers ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។

លោក Yip Yuen Sai បានទិញផ្ទះនេះពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sun Hung Kai Properties ក្នុងឆ្នាំ២០១៩ ក្នុងតម្លៃ៤៥០លានដុល្លារហុងកុង។ លោក Yip ជាស្ថាបនិកក្រុមហ៊ុន Grandland Group ចុះបញ្ជីនៅទីក្រុងសុិនជិន (Shenzhen)។

បើទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Grandland Group មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ដោយកាសែតហុងកុង South China Morning Post នោះទេ។

នៅទូទាំងទីក្រុងហុងកុង រាប់ចាប់ពីតំបន់គម្រោងលំនៅដ្ឋាន The Peak ដល់តំបន់ភាគខាងត្បូងក្រុងហុងកុង ក្រុមអ្នកមានបានជួបប្រទះបញ្ហាសាច់ប្រាក់ ដោយត្រូវបង្ខំចិត្តលក់ផ្ទះរបស់ពួកគេដើម្បីទូទាត់បំណុល។

ម្ចាស់អចលនទ្រព្យ ដែលជួបប្រទះវិបត្តិសាច់ប្រាក់ទាំងនោះកំពុងប្រកាសដាក់លក់ផ្ទះរបស់ពួកគេក្នុងអត្រាបញ្ចុះតម្លៃយ៉ាងច្រើន ដោយសារបន្ទុកខ្ពស់ក្នុងការទូទាត់អត្រាការប្រាក់ទៅលើប្រាក់កម្ចី។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានរំពឹងថា ការលក់ និងតម្លៃអចលនទ្រព្យនឹងបន្តធ្លាក់ចុះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here