តើខុនដូនៅរាជធានីភ្នំពេញ រាជធានីបាងកក និងរដ្ឋធានីហាណូយមានតម្លៃបែបណានៅត្រីមាសទី៣?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារខុនដូនៅតាមទីក្រុងធំៗ នៃបណ្តាប្រទេ​សមួយចំនួន ក្នុងតំបន់អាស៊ានមានស្ថានភាពខុសគ្នា ដោយតម្លៃខុនដូ នៅទីក្រុងខ្លះមានការកើនឡើង ខណៈតម្លៃខុនដូនៅទីក្រុងផ្សេងទៀត មានការធ្លាក់ចុះនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃខុនដូ នៅតាមទីក្រុងចំនួន៣របស់តំបន់អាស៊ាន គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៤។

ទី១: រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ទីផ្សារលំនៅដ្ឋានក្នុងរាជធានីភ្នំពេញបាន និងកំពុងជួបប្រទះការប្រែប្រួលបន្តិចម្តងៗ នៅឆ្នាំ២០២៤នេះ ខណៈកំនើន នៃការបញ្ចប់គម្រោងខុនដូ នៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅកម្ពុជា មានភាពយឺតយ៉ាវនៅក្នុងឆ្នាំ២០២៤ និងនិន្នា​ការផ្ទុយគ្នានៃតម្លៃខុនដូ។

តួយ៉ាង តម្លៃខុនដូប្រណីត(High-end) បានធ្លាក់ចុះ០,៣ភាគរយ មកនៅត្រឹមតម្លៃជាមធ្យម ចំនួន២.៧១៤ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែតម្លៃខុនដូលំដាប់មធ្យម(Mid-range)បានកើនឡើង៥,៩ភាគរយ ដល់ប្រមាណ២.០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ទី២: រាជធានីបាងកក ប្រទេសថៃ

នៅខែតុលា ឆ្នាំ២០២៤ ខុនដូនៅក្នុងទីក្រុងបាងកក មានតម្លៃលក់ជាមធ្យម១៣៤.៨៤៣បាត (ប្រហែល៤.០៣៥ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ(Median Price)។នេះបើយោងតាមគេហទំព័រ Thailand-Property. Com។

ដោយឡែក បើយោងតាមក្រុមហ៊ុន ប្រឹក្សាអចលនទ្រព្យ Cushman& Wakefield បានបង្ហាញថា គិតត្រឹមឆមាសទី១កន្លងទៅ ស្តុកខុនដូសរុបនៅទូទាំងទីក្រុងបាងកក (Inventory)មានចំនួន៤៨៦.៤២០យូនីត។

ទី៣: រដ្ឋធានីហាណូយ ប្រទេសវៀតណាម

ខុនដូនៅក្នុងទីផ្សារបឋម(Primary market) នៅទីក្រុងហាណូយ ត្រូវបានដាក់លក់ក្នុងតម្លៃជាមធ្យម ចំនួន៦៤លានដុង(ប្រហែល២.៥៣២ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ (ដោយមិនរាប់បញ្ចូលអាករលើតម្លៃបន្ថែម និងថ្លៃថែទាំ)។ ចំនួននេះបានបង្ហា​ញសញ្ញាពីការកើនឡើង៨,៧ភាគរយ ធៀបនឹងត្រីមាសទី២ និងកើនឡើង២៦ភាគរយ ធៀបនឹងត្រីមាសទី៣ដូចគ្នា ក្នុងឆ្នាំ២០២៣។

ចំណែក តម្លៃខុនដូនៅក្នុងទីផ្សារបន្ទាប់បន្សំ (Secondary market) បានបន្តកើនឡើង៥,៥ភាគរយ ធៀបនឹងត្រីមាសទី២ និងកើនឡើងជិត២៦ភាគរយ ធៀបនឹងឆ្នាំមុនដល់ចំនួន៤៦លានដុង(ប្រហែល១.៨២០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ទីផ្សារអចលនទ្រព្យខុនដូ នៅទីក្រុងហាណូយ ពុំបានបង្ហាញសញ្ញានៃការធ្លាក់ចុះនោះទេ ដោយសារបច្ចុប្បន្ន ខុនដូនៅរដ្ឋធានីមួយនេះ មានតម្លៃទាបជាងតម្លៃខុនដូ នៅទីក្រុងហូជីម៉ិញត្រឹមតែ២លានដុង ក្នុងមួយម៉ែត្រការ៉េប៉ុណ្ណោះ៕ប្រភព: CBRE & Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here