ទីផ្សារអចលនទ្រព្យរបស់បណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ាន បង្ហាញភាពធន់ ខណៈសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដប្រជា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗក្នុងតំបន់អាស៊ានបានបង្ហាញស្ថានភាពខុសៗគ្នានៅក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ ស្របពេលសេដ្ឋកិច្ចពិភពលោកស្ថិតក្នុងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្គ្រាមពាណិជ្ជកម្ម។

ក្នុងនោះ ទីផ្សារអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ានបានបង្ហាញភាពធន់។ ទីផ្សារការិយាល័យរបស់ទីក្រុងហ្សាការតាសម្រេចបានកំណើនយ៉ាងរឹងមាំ ស្របពេលមានភាពប្រសើរឡើងនូវមូលដ្ឋានគ្រឹះផ្នែកតម្រូវការ។

តម្រូវការលំនៅដ្ឋានសម្រាប់ប្រជាជនវណ្ណៈកណ្តាល(Middle Class) បានកើនឡើង ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto គ្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យដើម្បីបំពេញតម្រូវការ។ ចំណែក រដ្ឋធានីថ្មី Nusantara របស់ឥណ្ឌូនេសុី បានបង្ហាញពីសក្តានុពលនៃការវិនិយោគអចលនទ្រព្យនាពេលអនាគត។

ជាមួយគ្នានេះ ទីផ្សារការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅប្រទេសហ្វីលីពីនបានបង្ហាញភាពធន់ ដោយសារកំណើនតម្រូវការជួលពីបណ្តាក្រុមហ៊ុន Business Process Outsourcing (BPO) និងការផ្ទេរប្រាក់ពីបរទេស។ ទោះជាយ៉ាងណាក្តី ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការនៅតែបន្តអូសបន្លាយ។

ចំណែក នៅប្រទេសម៉ាឡេសុី គេសង្កេតឃើញថា តម្រូវការលំនៅដ្ឋានតម្លៃមធ្យម(Mid-range) មានការកើនឡើង ស្របពេលមានការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសផ្លូវរថភ្លើង។ ទីផ្សារការិយាល័យ និងអចលនទ្រព្យឧស្សាហកម្មនៅម៉ាឡេសុីត្រូវបានជំរុញដោយតម្រូវការជួលរបស់បណ្តាក្រុមហ៊ុនបរទេស។

ចំពោះប្រទេសសិង្ហបុរី តម្លៃលំនៅដ្ឋានក្នុងប្រទេសនេះបន្តកើនឡើង។ ជាមួយគ្នានេះ ទីផ្សារការិយាល័យបានងាកទៅផ្តោតលើគុណភាព។ បណ្តាអ្នកវិនិយោគបានបង្ហាញចំណាប់អារម្មណ៍ចំពោះអចលនទ្រព្យផ្នែកភស្តុភារ និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។

ទោះជាយ៉ាងណា ការដាក់ចេញវិធានការដំឡើងពន្ធប្រថាប់ត្រាដោយរដ្ឋាភិបាលសិង្ហបុរី ក្នុងគោលបំណងទប់ស្កាត់តម្លៃលំនៅដ្ឋានមិនឱ្យហក់ឡើងថ្លៃជ្រុល បានធ្វើឱ្យល្បឿននៃសន្ទុះថយចុះ៕ប្រភព: Knight Frank & Reddit៕

LEAVE A REPLY

Please enter your comment!
Please enter your name here