ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រភពបានបង្ហាញថា នៅកម្ពុជាអ្នកមានគោរមងារជាច្រើន បាននិងកំពុងប្រកបអាជីវកម្ម ដើរតួនាទីជាភ្នាក់ងារអចលនវត្ថុខុសច្បាប់ និងបានធ្វើឲ្យបាត់បង់ទំនុកចិត្តក្នុងទីផ្សារផងដែរ។
ជាក់ស្តែងកាលពីពេលថ្មីៗកន្លងមកនេះ ថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រមូលឈ្មោះក្រុមអ្នករកស៊ី និងអ្នកដើរតួនាទី ជាភ្នាក់ងារអចលនវត្ថុជាង៤០០ក្រុម ដាក់ជូននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដើម្បីចាត់វិធានការណ៍។
យោងតាមប្រភពពីក្រុមអ្នកជំនាញ និងភ្នាក់ងារអចលនវត្ថុ ដែលប្រកបអាជីវកម្មស្របច្បាប់ ក្នុងវិស័យនេះបានលើកឡើងឲ្យដឹងកាលពីព្រឹកថ្ងៃទី២៨ តុលាកន្លងមកថា មិនថាប្រជាពលរដ្ឋសាមញ្ញនោះទេ ប៉ុន្តែអ្នកមានគោរមងារជាច្រើន បាននិងកំពុងប្រកបអាជីវកម្ម ជាភ្នាក់ងារក្នុងវិស័យនេះ មិនស្របច្បាប់ជាច្រើនរយក្រុមផងដែរ ដែលអ្នកទាំងនោះមួយចំនួន បានបោកប្រាស់ជនបរទេស ដើម្បីលាបសក្ការៈ និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះ និងមុខមាត់កម្ពុជាផងដែរ។
ប្រភពដដែលបានឲ្យដឹងថា អ្នករកស៊ី ឬអ្នកវិនិយោគចិន ដែលចូលមកស្រុកខ្មែរ ភាគច្រើនរត់ពឹងពាក់អ្នកទាំងនោះ ដែលជាលទ្ឋផល ពួកគេមួយចំនួនតែងតែរងការបោកប្រាស់ ហើយអ្នករងគ្រោះមួយចំនួន តែងតែនិយាយអាក្រក់ពីកម្ពុជា ដែលបញ្ហានេះបានជះឥទ្ឋិពលអាក្រក់ ដល់មុខមាត់ប្រទេសជាតិ ខុសពីអ្នកររកស៊ីមានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលតែងតែគោរពក្រមសីលធ៌មវិជ្ជាជីវៈ និងធ្វើការងារដោយសុច្ចរឹតស្មោះត្រង់។
កន្លងមកថ្នាក់ដឹកនាំសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអំពាវនាវឲ្យអ្នករកស៊ី ក្នុងវិស័យនេះ ដែលមិនគោរពច្បាប់ឲ្យរត់រកច្បាប់ ដើម្បីផលប្រយោជន៍ទីផ្សាររួមទាំងអស់គ្នា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យើងគួររួមគ្នា បង្កើតសួនច្បារស្រស់ស្អាតមួយ ដើម្បីទាក់ទាញមេអំបៅ ជាជាងរត់ដេញចាប់មេអំបៅ ដែលមានន័យថា អ្នកប្រឡូកក្នុងវិស័យនេះ គួរតែមានអាជ្ញាប័ណ្ណនិងគោរពច្បាប់ទាំងអស់គ្នា ដើម្បីធ្វើឲ្យបរិស្ថាននៃការវិនិយោគ មានភាពល្អប្រសើរ ផ្តល់ទំនុកចិត្តដល់ទីផ្សារ និងជម្រុញវិស័យនេះឲ្យកាន់តែមានភាពប្រសើរឡើង។
ចំណែកលោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងជារឿយៗថា អ្នកនៅក្នុងវិស័យនេះ ដែលប្រកបរបរដោយគ្មានច្បាប់ទម្លាប់ នឹងធ្វើឲ្យខូចទីផ្សារ ព្រោះវិស័យនេះទាមទារទំនុកចិត្តខ្ពស់ ដែលសមាគមតែងតែលើកទឹកចិត្ត ដល់ការពិគ្រោះយោបល់ ដើម្បីជម្រុញបរិយាកាសវិនិយោគកាន់តែប្រសើរ។
លោកបន្តថា “យើងនៅក្នុងវិជ្ជាជីវៈ គោរពច្បាប់ បានធ្វើល្អរាប់ឆ្នាំ ប៉ុន្តែជូនកាលអ្នកមិនគោរពច្បាប់ម្នាក់ឬពីរនាក់ បានបោកប្រាស់ ដល់អ្នកវិនិយោគបរទេស អាចធ្វើឲ្យខូចទីផ្សារទាំងមូលបាន”៕