តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យដែលនឹងងើបឡើង លឿនជាងគេ?

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលវិស័យអចលនទ្រព្យទាំងមូល ទំនងជាជាប់គាំងមានរយៈពេលវែងបន្ថែមទៀត អ្នកនៅក្នុងទីផ្សារនេះហាក់បាត់បង់ឱកាសកើបលុយពីវិស័យនេះ។

        ប៉ុន្តែជាមួយគ្នានេះ ផ្នែកខ្លះនៃវិស័យអចលនទ្រព្យ ក៏បាននិងកំពុងបង្ហាញសញ្ញាងើបឡើងបណ្តើរៗផងដែរ។

        លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលជាអ្នកតាមដានជាប្រចាំលើវិស័យនេះ បានលើកឡើងនូវការយល់ឃើញមួយចំនួន។

អចលនទ្រព្យបែបឧស្សាហកម្ម

       ដោយសារកម្ពុជាបានចុះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសកាន់តែច្រើន ដូចជា ចិន កូរ៉េ ចូលជាសមាជិកRCEP និងត្រៀមខ្លួនចុះហត្ថលេខាជាមួយប្រទេសជាច្រើនទៀត កម្ពុជាបាននិងកំពុងក្លាយជាទីផ្សារ នៃការរីកចម្រើ​ន​វិស័យឧស្សាហកម្ម ដោយរោងចក្រ សហគ្រាសជាច្រើនបាននិងកំពុងបើកថ្មីៗ នៅកម្ពុជាជាបន្តបន្ទាប់ ពិសេសតំបន់សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស បានកើតមានជាបន្តបន្ទាប់។

        តម្រូវការដីសម្រាប់សាងសង់រោងចក្រ សហគ្រាសនានាក៏បានកើនឡើងផងដែរ នៅតាមផ្លូវជាតិសំខាន់ៗដែលងាយតភ្ជាប់ជាមួយកំពង់ផែកម្ពុជា។

អចលនទ្រពន្យបែបទេសចរណ៍

       ចរន្តនៃការដើរលំហែរ របស់ប្រជាពលរដ្ឋក្នុងស្រុកកើនឡើងជាប្រចាំ បានធ្វើឲ្យមានតម្រូវការ ការវិនិយោគរមណីយដ្ឋានកែច្នៃកាន់តែច្រើន ដែលនិន្នាការនេះកំពុងរីកចម្រើននៅក្នុងខេត្តកំពត ខេត្តកណ្តាល និងខេត្តមណ្ឌលគិរីជាដើម។

        ទោះជាយ៉ាងណា អ្នកវិនិយោគក៏ត្រូវថ្លឹងថ្លែង រវាងតម្រូវការ និងការផ្គត់ផ្គង់ និងផលចំណេញពីការវិនិយោគ ប្រកប​ដោយភាពប្រយ័ត្នប្រយែងផងដែរ។

អចលនទ្រព្យដែលមានតម្លៃក្រោមទីផ្សារខ្លាំង

       មិនថាតម្លៃផ្ទះ ឬដីធ្លីនោះទេ ឱកាសហក់ឡើងតម្លៃខ្ពស់ឡើងវិញ ទំនងជាត្រូវការរយៈពេលវែងតទៅទៀត ប៉ុន្តែផ្ទុយទៅវិញសម្រាប់អចលនទ្រព្យ ដែលមានតម្លៃក្រោមទីផ្សារខ្លាំងដួចជា ដីដែលមានទីតាំងល្អ ផ្ទះអាចប្រកបអាជីវកម្មបាន និងមានតម្លៃល្អ អាចនៅតែមានតម្រូវការ កើនឡើងសន្សឹមៗផងដែរ។

ការសាងសង់ឃ្លាំងសម្រាប់ជួល

       ការសាងសង់ឃ្លាំងសម្រាប់ជួល នៅតែមានឱកាសរីកចម្រើន ដោយសារហេតុផលមួយចំនួន ទី១ តំបន់ឃ្លាំង រោងចក្រ ឧស្សាហកម្មនានា នឹងត្រូវរើចាកចេញពីទីក្រុងកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ ទី២ ដោយសារកំនើននៃការអភិវ​ឌ្ឍន៍តំបន់ឧស្សាហកម្ម និងការកើនឡើងនូវរោងចក្រ សហគ្រាសនានា។

ទី៣ ភាពប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ឋដឹកជញ្ជូន ឡូជីស្ទិក ដែលធ្វើឲ្យម្ចាស់រោងចក្រ សហគ្រាសនានាសម្រេចចិត្តងាកចេញពីរាជធានី ទៅរកទីតាំងនៅជិតផ្លូវជាតិសំខាន់ៗចេញពីរាជធានីភ្នំពេញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here