វិភាគ: តើសណ្តាប់ធ្នាប់របស់ពិភពលោកនឹងប្រែប្រួលទៅជាយ៉ាងណា ប្រសិនបើលោកដូណាល់ត្រាំ ឡើងមកគ្រប់គ្រងសេតវិមានម្តងទៀត?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគអះអាងថា ប្រសិនបើលោក Donald Trump ឈ្នះការបោះឆ្នោតឈានឡើងទៅកាន់តំណែងជាប្រធានាធិបតីសារជាថ្មី នោះលោកអាចកែប្រែគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកឡើងវិញទាំងស្រុង។

កាលពីអាណត្តិដំបូងរបស់លោក លោកដូណាល់ត្រាំ បានដាក់ចេញគោលនយោបាយការបរទេស “America First”ដោយលោកបានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិសំខាន់ៗ និងចាប់ផ្តើមធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ព្រមទាំងប្រឆាំងនឹងសម្ព័ន្ធមិត្តដោយប្រើប្រាស់ពាក្យសំដី ហើយព្យាយាមបើកការចរចាដ៏ស្មុគស្មាញជាមួយសត្រូវជាច្រើនរបស់សហរដ្ឋអាមេរិក។

លោក ដូណាល់ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន រួមទាំងផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (JCPOA) ឬហៅថា“កិច្ចព្រមព្រៀងអុីរ៉ង់”។ កិច្ចព្រមព្រៀងនេះត្រូវបានចរចានៅឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលបានបន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអុីរ៉ង់ជាថ្នូរនឹងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អុីរ៉ង់។

ចាប់តាំងពីពេលនោះមក អុីរ៉ង់បានសាងសង់ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូម និងបង្កើនការផ្គត់ផ្គង់កាំជ្រួច ដោយត្រូវបានគេរាយការណ៍ថា អុីរ៉ង់កំពុងនាំកម្មវិធីនេះកាន់តែខិតទៅជិតការអភិវឌ្ឍន៍សមត្ថភាពនុយក្លេអ៊ែរ។

តើលោក ដូណាល់ត្រាំ នឹងអាចដាក់ចេញគោលនយោបាយបែបណាខ្លះ ប្រសិនបើលោកពិតជាជាប់ឆ្នោតនៅក្នុងអាណត្តិទីពីរ?

អតីតប្រធានាធិបតីអាមេរិកទី៤៥រូបនេះ បានប្តេជ្ញាថា លោកនឹងដកទីក្រុងវ៉ាសុីនតោនចេញពីកិច្ចព្រមព្រៀង និងអង្គការអន្តរជាតិនានាជាថ្មីម្តងទៀត។

លោកបានអះអាងយ៉ាងច្បាស់ថា លោកនឹងដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសម្តងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានចូលជាសមាជិករបស់កិច្ចព្រមព្រៀងនេះឡើងវិញ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូបៃដិន។

មួយវិញទៀត លោក ដូណាល់ត្រាំ អាចដាក់កម្រិតលើកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយអង្គការសហប្រជាជាតិ (UN) ដូចជាអង្គការសុខភាពពិភពលោក(WHO) ជាដើម។

លោកក៏បានព្រមានអំពីការដំឡើងពន្ធថ្មីជាច្រើនផងដែរ និងបានអំពាវនាវឱ្យយកពន្ធថ្មីចំនួន២០ភាគរយលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ហើយថ្មីៗនេះលោកបានគំរាមកំហែងដាក់ពន្ធ១០០ភាគរយលើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៤។

ទោះជាយ៉ាងណាក្តី កិច្ចព្រមព្រៀងរបស់សហរដ្ឋអាមេរិកជាមួយអង្គការសម្ព័ន្ធយោធាណាតូ ជាភាពជាដៃគូមួយ ដែលលោកដូណាល់ត្រាំពិបាកនឹងផ្លាស់ប្តូរ។

ថ្មីៗនេះ សភាអាមេរិកបានអនុម័តច្បាប់មួយដែលមានគោលបំណងជាពិសេសទៅលើអង្គការណាតូ។ ច្បាប់នេះតម្រូវឱ្យមានការអនុម័តពីសភាជាមុនសិនទើបប្រធានាធិបតីមានសិទ្ធិដកអាមេរិកចេញពីអង្គការណាតូ។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយរបស់រដ្ឋបាលលោកចូ បៃដិនដើម្បីការពារសមាជិកភាពរបស់សហរដ្ឋអាមេរិកនៅក្នុងសម្ព័ន្ធភាពណាតូ។

ទោះបីជាមានច្បាប់ការពារបែបនេះក៏ដោយក្តី លោកដូណាល់ត្រាំនៅតែអាចរិះរកវិធីដកអាមេរិកចេញពីអង្គការណាតូ ឬកិច្ចព្រមព្រៀងយោធាអាមេរិកផ្សេងទៀត ដូចជាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលមានបំណងរារាំងឥទ្ធិពលចិន និងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង។

លោក ត្រាំ ក៏អាចសម្រេចចិត្តផ្លាស់ប្តូរជំហរនៃការគាំទ្ររបស់សហរដ្ឋអាមេរិកនៅក្នុងបណ្តាប្រទេសណាមួយ មិនថា ជាបណ្តាប្រទេសនៅតំបន់អាស៊ី ឬនៅតំបន់អឺរ៉ុបនោះទេ។ លោកធ្លាប់បានព្រមានដកកងទ័ពអាមេរិកដែលឈរជើងនៅក្នុងបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិក ប្រសិនបើពួកគេមិនបង់ថ្លៃចំណាយទៅឱ្យសហរដ្ឋអាមេរិក។

ក្រៅពីផែនការផ្តាច់ខ្លួនចេញពីអង្គការយោធាណាតូ និងសម្ព័ន្ធមិត្ត លោកដូណាល់ត្រាំ ក៏អាចកែប្រែគោលនយោបាយការបរទេស និងការទូតរបស់ទីក្រុងវ៉ាសុីនតោនផងដែរ។នេះ​បើ​តាម​លោក James Lindsay មន្ត្រី​ជាន់ខ្ពស់​ផ្នែក​នយោបាយ​ការបរទេស​អាមេរិក​នៅ​ក្រុមប្រឹក្សា​ទំនាក់ទំនង​ការបរទេស។

លោក James Lindsay លើកឡើងថា “យើង​នៅមិន​ទាន់ដឹង​ថា​ តើនរណា​នឹងក្លាយជា​រដ្ឋមន្ដ្រីការបរទេស ​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ ឬ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទេ ប្រសិនបើលោកត្រាំជាប់ឆ្នោត”។

លោកគូសបញ្ជាក់ថា ក្រុមមន្ត្រីជាន់កំពូលដែលកាន់មុខតំណែងទាំងនោះអាចជះឥទ្ធិពលចំពោះការសម្រេចចិត្តគោលនយោបាយការបរទេសគ្រប់ប្រភេទ រាប់ចាប់តាំងពីយុទ្ធសាស្ដ្រនៃការចរចាបទឈប់បាញ់  និងការផ្ទេរអាវុធទៅកាន់ប្រទេសណាមួយ។

ជាងនេះទៅទៀត លោក ត្រាំ អាច​នឹង​ព្យាយាម​ចរចា​គោលនយោបាយ​ការបរទេស​ភាគច្រើន​ដោយ​ខ្លួន​លោកផ្ទាល់​ ដូច​ដែល​លោកបានធ្វើ​កាលពី​អតីតកាល។  ការចរចាទាំងនោះមិនទទួលបានលទ្ធផលផ្លែផ្កាឡើយ ដូចជាការចរចាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលបានបញ្ចប់នៅឆ្នាំ២០១៩ ដោយគ្មានការធានាពីភាគីកូរ៉េខាងជើងក្នុងការបញ្ឈប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមិនមានការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងទំនាក់ទំនងរវាងទីក្រុងវ៉ាសុីនតោន និងទីក្រុងព្យុងយ៉ាងនោះទេ។

លើសពីនេះ ការពិភាក្សារបស់លោកដូណាល់ត្រាំជាមួយក្រុមតាលីបង់ បាននាំទៅដល់ការដកកងកម្លាំងអាមេរិក និងអង្គការណាតូ និងការដួលរលំនៃរដ្ឋាភិបាលស៊ីវិលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

លោក ដូណាល់ត្រាំ ក៏បានធ្វើការប្តេជ្ញាលើការចរចានានា ដូចជាការបញ្ចប់សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ។ប៉ុន្តែ ក្រុមអ្នកវិភាគអះអាងថា ការពិតទំនងជាមានភាពពិបាក និងមានភាពរញ៉េរញ៉ៃជាងអ្វីដែលលោកបានអួត ដូចជាករណីនៅក្នុងអាណត្តិនៃការដឹកនាំដំបូងរបស់លោកយ៉ាងដូច្នេះដែរ៕ប្រភព: Vox.com៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here