ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានស្នើឲ្យនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ពង្រឹងបទដ្ឋានគោរពច្បាប់ ដោយធ្វើការផាកពិន័យអ្នកធ្វើខុស និងលើកទឹកចិត្តអ្នកធ្វើត្រូវ។
លោកសន សៀបបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍មុនថា ការពង្រឹងវប្បធ៌មគោរពច្បាប់ នៅក្នុងវិស័យនេះ ពិតជាមានសារៈសំខាន់ ដើម្បីស្តារទំនុកចិត្តក្នុងវិស័យនេះឡើងវិញ ពិសេសជម្រុញការរីកចម្រើន វិស័យអចលនទ្រព្យ ដែលនៅឆ្នាំនេះអ្វីៗ មានសញ្ញាកំរើកឡើងវិញបណ្តើរៗ។
លោកបន្តថា ថ្នាក់ដឹកនាំសមាគមបានខិតខំណាស់ ដើម្បីជម្រុញការលើកកំពស់ទីផ្សារ និងជម្រុញបរិយាកាសទីផ្សារឲ្យកាន់តែប្រសើរឡើង ប៉ុន្តែរឿងចាំបាច់មួយគឺទាមទារឲ្យរដ្ឋាភិបាលជួយពង្រឹងបន្ថែមទៀត នូវវប្បធ៌មគោរពច្បាប់ ពិសេសក្នុង វិស័យអចលនទ្រព្យ។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងសមាជិកក្រុមប្រឹក្សាភិបាលសមាគមCVEA បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងវិស័យនេះ យើងបានធ្វើការលើចំណេះជំនាញ និងក្រមសីលធ៌មវិជ្ជាជីវៈទាំងអស់ និងមានរយៈពេលយូរឆ្នាំ ប៉ុន្តែអ្នកបំផ្លាញវិញ តែមួយប៉ប្រិចភ្នែកធ្វើឲ្យខូចអ្វី ដែលយើងបានខិតខំរយៈពេលវែងកន្លងមក។
លោកបន្តថា ជាមួយគ្នានេះ លោកក៏បានសម្តែងការគាំទ្រលើការលើកឡើង ពីប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលស្នើឲ្យវាយតម្លៃគុណភាពអតិថិជន មុនផ្តល់កម្ចីពិតជាអ្វី ដែលអ្នកនៅក្នុងវិស័យនេះចង់បានផងដែរ៕