ដោយ គង់ សូរិយា
បន្ទាយមានជ័យ៖ មេដឹកនាំកម្ពុជា និងថៃនឹងអញ្ជើញជាអធិបតីភាពរួមគ្នា និងជិះរថភ្លើងរួមគ្នា ដើម្បីបើកដំណើរការការដឹកជញ្ជូនតាមផ្លូវដែកជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលគ្រោងធ្វើនៅថ្ងៃទី២២ មេសាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក វ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាម បន្ទាប់ពីអម ដំណើរជាមួយលោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកស៊ុន ចាន់ថុល ដែលបានចុះពិនិត្យស្ថានភាពនៅច្រកទ្វារអន្តរជាតិស្ទឹងបត់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី៨ មេសានេះថា លោកទេសរដ្ឋមន្រ្តីបានប្រកាសហើយថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា និងប្រមុខរដ្ឋាភិបាលថៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុង ជានិម្មិតរូបនូវស្ពានឆ្លងកាត់ព្រំដែន នៃប្រទេសទាំងពីរនៅថ្ងៃទី២២ មេសាខាងមុខនេះ។
លោកបន្តថា “ភាពជាក់លាក់យ៉ាងណានៃការអញ្ជើញ របស់ប្រមុខដឹកនាំប្រទេសទាំងពីរ ស្ថិតនៅក្រោមសមត្ថកិច្ចក្រសួងការបរទេស ប៉ុន្តែតាមខ្ញុំដឹងគឺប្រទេសថៃបានលើកសំណូមពរយកថ្ងៃទី២២ មេសា”។លោកបន្តថា “មានកម្មវិធីចំនួន៤ ក្នុង ចំណោម៥ ដែលមេដឹកនាំប្រទេសទាំងពីរនឹងធ្វើអាអធិបតីភាពរួមគ្នា នៅថ្ងៃខាងមុខនេះ”។
កម្មវិធីនោះរួមមាន ទី១ ការចាក់បេតុងជានិម្មិតរូប ដើម្បីតភ្ជាប់ស្ពានឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ ទី២ ការសម្ភោធបើកការដ្ឋានសាងសង់អាគារច្រកទ្វារព្រំដែន ខាងភាគីកម្ពុជា ទី៣ សម្តេចតេជោនឹងអញ្ជើញចូលរួមជាសាក្សី នូវការបើកសម្ភោធស្ថានីយ៍អន្តរជាតិ ស្ថិតក្នុងទឹកដីថៃ ស្ថិតក្នុងភូមិក្លងលឹក ខេត្តសាកែវ តាមការអញ្ជើញរបស់ប្រមុខរដ្ឋាភិបាលថៃ ទី៤ ការបើកឲ្យដំណើរការការដឹកជញ្ជូនតាមផ្លូវដែក រវាងកម្ពុជាថៃ និងទី៥ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ នឹងអញ្ជើញជិះអូតូរ៉ៃ ពីក្លងលឹក មកកាន់ស្ថានីយ៍ប៉ោយប៉ែត ប្រទេសកម្ពុជា។
លោក វ៉ាស៊ីម សូរិយា បានបន្តថា ការដឹកជញ្ជូនឆ្លងកាត់ព្រំដែននេះ នឹងមានការដឹក ជញ្ជូនអ្នកដំណើរ និងទំនិញឆ្លងកាត់ប្រទេសទាំងពីរ ដោយកម្ពុជានឹងយកក្បាលរថភ្លើង របស់ខ្លួន ដើម្បីអូសទូរថភ្លើងរបស់ថៃ មកកាន់រាជធានីភ្នំពេញ”។លោកបន្តថា “ការដឹកជញ្ជូនតាមផ្លូវដែករបស់កម្ពុជា មិនអាចធ្វើដំណើរបានលឿននៅឡើយទេ ដោយសារស្ថានភាពផ្លូវដែករបស់យើងមិនទាន់មានភាពអំណោយផល”។
សេដ្ឋវិទូកម្ពុជា លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការដឹកជញ្ជូនតាមរថភ្លើងជារឿងល្អមួយ ប៉ុន្តែមានសំណួរមួយសួរថាតើយើងមានទំនិញសំរាប់ដឹកដែរឬយ៉ាងណា? ឬមានតែទំនិញពីប្រទេសគេមកកម្ពុជា?។លោកបន្តថា ការដឹកជញ្ជូនតាមផ្លូវដែក នឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជូន និងកាត់បន្ថយកអត្រាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកបន្តថា “ការរីកចម្រើននិងវិនិយោគលើផ្លូវដែកពិតជាមានសារៈសំខាន់ ដើម្បីកាត់បន្ថយបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចរបស់កម្ពុជា”៕