ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា អាជ្ញាធររបស់ប្រទេសចិនកំពុងដាក់ឱ្យដំណើរការកម្មវិធីលក់អចលនទ្រព្យតាមរយៈវេទិកាអនឡាញ ក្នុងគោលបំណងទាក់ទាញអតិថិជន និងជួយស្តារទីផ្សារអចលនទ្រព្យឱ្យងើបឡើងវិញ។
តម្លៃផ្ទះរបស់ប្រទេសចិនបានធ្លាក់ចុះជាថ្មីកាលពីខែឧសភា ខណៈទំនុកចិត្តរបស់អ្នកទិញផ្ទះនៅតែមានកម្រិតទាប។ ជាការឆ្លើយតប ទីក្រុងនានារបស់ប្រទេសចិនដូចជា ទីក្រុង Chengdu បានដាក់ឱ្យដំណើរការកម្មវិធី App ដែលអាចផ្សារភ្ជាប់អ្នកទិញជាមួយនឹងអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ និងផ្តល់ជូនបច្ចុប្បន្នភាពអំពីការលក់។
គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើឱ្យការទិញផ្ទះមានភាពងាយស្រួល និងមានតម្លាភាពជាងមុន។ ចំណែក បណ្តាទីក្រុងនានាផ្សេងទៀត រួមមានដូចជាទីក្រុង Suzhou និងទីក្រុង Weihai ក៏បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់កម្មវិធី App ស្រដៀងគ្នានេះផងដែរ។
លោក Yan Yuejin អនុប្រធាននៃវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ E-House China Real Estate Research Institute ក្នុងទីក្រុងសៀងហៃ បានអះអាងថា “រដ្ឋបាលមូលដ្ឋានជាច្រើនបាននិងកំពុងពន្លឿនការបញ្ចេញនូវកម្មវិធី App ដែលមានមុខងារលក់អចលនទ្រព្យ ដើម្បីជួយស្តារតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ”។
អត្ថប្រយោជន៍ចម្បងរបស់កម្មវិធីនេះ រួមមានដូចជាភាពជឿជាក់ និងតម្លាភាព ព្រោះថា ការចុះបញ្ជីលំនៅដ្ឋានសម្រាប់ដាក់លក់នៅលើ App ត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលមូលដ្ឋាន ក្នុងគោលបំណងដើម្បីកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានមិនពិត។
លោក Yan បានបញ្ជាក់បន្ថែមថា កម្មវិធីនេះក៏អាចជួយបង្កើននូវប្រសិទ្ធភាពក្នុងការទិញ-លក់អចលនទ្រព្យ ដោយប្រមូលផ្តុំព័ត៌មានលម្អិតគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់ទៅឱ្យអតិថិជន៕