ប្រទេសចិនបន្តបង្កើនការវិនិយោគលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនកំពុងបន្តជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងដើម្បីបង្កើនការដោះដូរពាណិជ្ជកម្មរបស់ខ្លួនជាមួយតំបន់អាស៊ាន ស្របពេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ជាក់ស្តែង ក្រុមហ៊ុនរដ្ឋចិនមួយបានបើកការដ្ឋានពង្រីកកំពង់ផែ Muara ដែលជាកំពង់ផែធំជាងគេបំផុតរបស់ប្រទេសប្រ៊ុយណេ។ នៅពេលការពង្រីកបញ្ចប់រួចរាល់ សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែមួយនេះនឹងកើនឡើងដល់ចំនួន៥០០.០០០ TEU។នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃប្រទេសប្រ៊ុយណេ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា គម្រោងខាងលើនេះមានដើមទុនវិនិយោគសរុបចំនួន២ពាន់លានយ័ន (ប្រមាណ២៧៨លានដុល្លារអាមេរិក) ដែលគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៧ខាងមុខ។

បច្ចុប្បន្ន តំបន់អាស៊ានកាន់តែមានសារៈសំខាន់ជាយុទ្ធសាស្រ្តចំពោះប្រទេសចិន ស្របពេលទីក្រុងប៉េកាំងមានសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ប្រទេសចិនអាចងាកទៅពឹងផ្អែកលើការនាំចេញទំនិញទៅកាន់ទីផ្សារអាស៊ាន ដើម្បីប៉ះប៉ូវផលប៉ះពាល់ពីការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិក។

យោងតាមទិន្នន័យពីអាជ្ញាធរគយនៃប្រទេសចិនបានបង្ហាញថា ការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់បណ្តាប្រទេសក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា“អាស៊ាន”បានហក់ឡើងក្នុងរង្វង់១៦,៦ភាគរយកាលពីខែកក្កដា។

ដោយឡែក ការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានដាំក្បាលចុះជាង២០ភាគរយនៅខែកក្កដា ឆ្នាំ២០២៥ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កំណើននៃការនាំចេញទំនិញរបស់ប្រទេសចិនទៅកាន់តំបន់អាស៊ានបានក្លាយជាប្រភពនៃក្តីបារម្ភរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់សម្ពាធមកលើរដ្ឋាភិបាលនានានៅតំបន់អាស៊ានឱ្យបង្ក្រាបលើការក្លែងបន្លំដើមកំណើតទំនិញ៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here