តើគួរវិនិយោគលើដីធ្លីទៀតឬអត់ សូមអានហេតុផលសំខាន់ៗ ទាំងនេះសិន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ តើគួរទិញដីសម្រាប់វិនិយោគ យកផលចំណេញទៀតឬអត់ ចម្លើយមានទាំងទិញ និងមិនគួរទិញ ដោយសារហេតុផលទាំងនេះ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea ដែលជាវេទិកាឈានមុខគេ លើវិស័យអចលនទ្រព្យ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ មិថុនាកន្លងមកថា នៅពេលនិយាយពីការវិនិយោគ យកផលចំណេញពីដីធ្លី មនុស្សភាគច្រើនអាចបដិសេធ ឬមិនហ៊ានសម្រេចចិត្ត លើឱកាសសម្រាប់រយៈពេលវែង។

អ្នកវិភាគនិងតាមដានព័ត៌មាន ទាក់ទងនឹងឧស្សាហកម្មអចលនទ្រព្យ និងសេដ្ឋកិច្ចរូបនេះ បានលើកយកចំណុខមួយចំនួនគួរពិចារណា។

ការវិនិយោគដែលត្រូវការពេលវេលា?

    បើទោះជាស្ថានភាពសេដ្ឋកិច្ច មិនទាន់មានភាពប្រសើរឡើងខ្លាំងក្តី ពិសេសនិន្នាការសេដ្ឋកិច្ចសកល មិនទាន់ប្រសើរនៅឡើយ ក៏ទីផ្សារដីធ្លី នៅតំបន់មួយចំនួននៅតែមានឱកាសរកផលចំណេញបាន ប៉ុន្តែផលចំណេញអាចតិចតួចជាងមុនវិបត្តិកូវីដ១៩ និងត្រូវចំណាយពេល។

ហេតុផលគឺដោយសារ ទី១ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងវិស័យនេះ នៅតែស្ងប់ស្ងាត់ បញ្ហាភាពតានតឹងជាមួយប្រ​​ទេសថៃ និងការកើនឡើងនូកម្រិតបំណុល មានបញ្ហារបស់ប្រជាពល​រដ្ឋខ្មែរ ទី២ ផលចំណេញពីការវិនិយោគទាបជាងមុន និងត្រូវចំណាយពេលយូរជាងមុន ទី៣ ទីផ្សារក្នុងឧស្សាហកម្មអចលនទ្រព្យ នៅកម្ពុជា នៅតែស្ថិតក្នុងសភាពមិនទាន់ច្បាស់លាស់។

ឱកាសនៃការវិនិយោគ

    អ្នកវិនិយោគឆ្លាតវៃ និងឆកឱកាសនៅតែរង់ចាំទិញយកដីធ្លី មានទីតាំងល្អ និងតម្លៃក្រោមទីផ្សារ ដោយសារ ទី១ ទីតាំងល្អ អាចសាងសង់សំណង់អ្វីមួយធ្វើអាជីវកម្មបាន ទី២ ដីមានតម្លៃក្រោមទីផ្សារខ្លាំង នៅតែមានឱកាស កើបផលចំណេញនាពេលអនាគត ទី៣ ផលចំណេ​ញបែបធនាគារដី(Land Banking) ជាប្រភេទនៃការវិនិយោគ ដែលមាននិរន្តរភាព និងចំណាយពេលវែង ប៉ុន្តែបានផលច្រើន ដោយផ្អែកលើកត្តាទី១ និងទី២។

គួរទិញនៅទីណា

    ដីស្ថិតនៅតំបន់ជាយក្រុង និងតំបន់ស្ថិតក្នុងផែនការអភិវឌ្ឍរបស់  រដ្ឋាភិបាល ដូចជាតំបន់ជុំវិញភ្នំប្រសិទ្ឋ ភ្នំឧត្តុង នៅតែមានឱកាសចំណេញ ដោយសារទី១ ជាតំបន់ដែលងាយនឹងអភិវឌ្ឍន៍លឿន ហេដ្ឋារចនាសម្ព័ន្ឋនានានឹងសាងសង់លឿន ទី២ មនុស្សរស់នៅច្រើន សកម្មភាពអាជីវកម្មមមាញឹក ទី៣ ជាតំបន់ ដែលងាយទទួលឥទ្ឋិពលរីកចម្រើន ពីកណ្តាលរាជធានី។

តំបន់តាមព្រំដែនជាមួយប្រទេសវៀតណាម

    តំបន់ស្ថិតនៅជាប់បន្ទាត់ ព្រំដែនជាមួយប្រទេសវៀតណាម ដូចជា តំបន់ជ្រៃធំ តំបន់នានាក្នុងក្រុងបាវិត ក្រុងសំពៅពូន តំបន់ព្រំដែនមួយចំនួនទៀតស្ថិតនៅក្នុងស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ តំបន់ម៉ឺនជ័យ ក្នុងខេត្តព្រៃវែងជាដើម ជាតំបន់ដែលកំពុងមានការអភិវឌ្ឍលឿន ដោ​យសារការលេចវត្តមាន នៃការបង្កើតតំបន់ឧស្សាហកម្ម កាស៊ីណូ និងហេដ្ឋារចនាសម្ព័ន្ឋនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here