ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតត្រឹមពាក់កណ្តាលឆ្នាំនេះ ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ានបានបង្ហាញភាពរឹងមាំ ដោយសារនគរូបនីយកម្ម ការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្តាល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ទោះជាយ៉ាងណា បណ្តាប្រទេសមួយចំនួនបានជួបប្រទះបញ្ហាសេដ្ឋកិច្ច និងការផ្គត់ផ្គង់លើសតម្រូវការ។
ជាមួយគ្នានេះ វិបត្តិអចលនទ្រព្យរបស់ប្រទេសចិន និងការកាត់បន្ថយការវិនិយោគរបស់ចិននៅក្រៅប្រទេសអាចពន្យឺតវឌ្ឍនភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអចលទ្រព្យរបស់បណ្តាក្រុមហ៊ុនចិននៅទូទាំងតំបន់អាស៊ាន។
នាពេលបច្ចុប្បន្ន បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន ជាពិសេសប្រទេសវៀតណាម និងប្រទេសម៉ាឡេស៊ីកំពុងធ្វើពិពិធកម្មប្រភពលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ស្របពេលលំហូរដើមទុនវិនិយោគមកពីប្រទេសចិនធ្លាក់ចុះ។
លើសពីនេះ ការផ្តោតលើនិរន្តរភាពបៃតង និងបច្ចេកវិទ្យា ដូចជា ការសាងសង់អគារប្រកបដោយស្តង់ដារនិរន្តរភាព និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ(Data Centre)កំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងទីក្រុងធំៗ ដូចជាទីក្រុងសិង្ហបុរី និងទីក្រុងនានានៅប្រទេសម៉ាឡេស៊ី។
ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសវៀតណាម ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី និងថៃ មានស្ថានភាពល្អប្រសើរជាងគេ ដោយសារកំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស និងការបណ្តាក់ទុនរបស់បណ្តាវិនិយោគិនក្នុងស្រុក។
ប្រទេសហ្វីលីពីនកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់អចលនទ្រព្យលើសតម្រូវការទាំងការិយាល័យ និងខុនដូ ដោយសារការចាកចេញរបស់បណ្តាក្រុមហ៊ុនល្បែងអនឡាញបរទេស។
ដោយឡែក ទីផ្សារលំនៅដ្ឋានរបស់ប្រទេសកម្ពុជាបានបន្តស្ថិតនៅទ្រឹង ខណៈការអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្មកំពុងរីកចម្រើន។ ការផ្គត់ផ្គង់ការិយាល័យនៅរាជធានីភ្នំពេញនឹងកើនឡើងចំនួន៣ដងនៅឆ្នាំ២០២៥ បើទោះជាទីផ្សារកំពុងប្រឈមមុខនឹងការផ្គត់ផ្គង់លើសតម្រូវការយ៉ាងណាក្តី។
ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ានបានរងផលប៉ះពាល់ពីកត្តានានា ដូចជា កំណើនអត្រាការប្រាក់ ការខ្វះខាតលទ្ធភាពទិញផ្ទះ ភាពតានតឹងពាណិជ្ជកម្មសកល ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសចិន និងភាពងាយរងគ្រោះទៅនឹងបាតុភូតធម្មជាតិ ដូចជាទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរញ្ជួយដី៕