ការកាត់បន្ថយអត្រាការប្រាក់ធ្វើឱ្យតម្លៃផ្ទះនៅទីក្រុងសេអ៊ូលកើនឡើងយ៉ាងគំហុក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូង ជាពិសេសរដ្ឋធានីសេអ៊ូលបានបង្ហាញភាពធន់ ទោះបីជាមានឧបសគ្គ និងបញ្ហាប្រឈមជាច្រើនយ៉ាងណាក្តី។នេះបើយោងតាមលោក Nicholas Spiro ដៃគូនៅក្រុមហ៊ុនជំនាញប្រឹក្សាអចលនទ្រព្យ Lauressa Advisory ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ទីផ្សារលំនៅដ្ឋានរបស់​ប្រទេសកូរ៉េ​ខាង​ត្បូង​ប្រឈម​មុខ​នឹង​ភាពតានតឹង។ ទេសាភិបាលធនាគារកណ្តាលកូរ៉េខាងត្បូងលោក Rhee Chang-yong បានលើកឡើងអំពីបញ្ហាលំបាក ដែលបណ្តាប្រទេសអាស៊ីជាច្រើនប្រឈមមុខ ដូចជា ការជំរុញកំណើនសេដ្ឋកិច្ច ដោយមិនធ្វើឱ្យទីផ្សារអចលនទ្រព្យកើនឡើងកម្ដៅ ឬពុះកញ្ជ្រោល។

លោក​ Rhee Chang-yong បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​ ឬភាពចាំបាច់ក្នុង​ការ​ទប់ស្កាត់មិន​ឱ្យ​មាន​ការ​វិនិយោគ​អចលន​ទ្រព្យ​ច្រើន​សន្ធឹកសន្ធាប់។

ប៉ុន្តែ បញ្ហានេះបានកើតឡើងរួចទៅហើយ។ តម្លៃអាផាតមុិនក្នុងប្រទេសកូរ៉េខាងត្បូង បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៧ភាគរយ ចាប់តាំងពីខែមីនា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ការផ្តល់ប្រាក់កម្ចីដល់គ្រួសារប្រជាជនកូរ៉េខាងត្បូងក្នុងខែឧសភាបានកើនឡើងក្នុងអត្រាខ្ពស់បំផុតមិនធ្លាប់មានគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤។

នៅក្នុងរបាយការណ៍របស់ខ្លួន ធនាគារជប៉ុន Nomura បានអះអាងថា លក្ខខណ្ឌហិរញ្ញវត្ថុកាន់តែមានសភាពធូររលុង ក្រោយពីធនាគារកណ្តាលកូរ៉េ (BOK) បានកាត់បន្ថយអត្រាការប្រាក់ចំនួន១ភាគរយ ចាប់តាំងពីខែតុលា ឆ្នាំ២០២៤។ ការណ៍នេះកំពុងជំរុញសន្ទុះទីផ្សារលំនៅដ្ឋាន និងជំរុញឱ្យបំណុលក្នុងគ្រួសារកើនឡើង។

ការកាត់បន្ថយអត្រាការប្រាក់ជាកត្តាមួយ ដែលធ្វើឱ្យតម្លៃផ្ទះនៅទីក្រុងសេអ៊ូលកើនឡើងយ៉ាងគំហុក បើទោះបីជាមានការដាក់កំហិតកាលពីខែមីនា ដែលតម្រូវឱ្យអ្នកទិញស្នើសុំការអនុញ្ញាតជាមុនពីអាជ្ញាធរមូលដ្ឋាន ទើបអាចទិញផ្ទះនៅតាមសង្កាត់សម្បូរអ្នកមានក្នុងទីក្រុងសេអ៊ូល។

ចំណែក ប្រធានាធិបតីកូរ៉េខាងត្បូងដែលទើបនឹងឡើងកាន់តំណែងលោក Lee Jae-Myung មានគោលបំណងដោះស្រាយបញ្ហាខ្វះលទ្ធភាពទិញផ្ទះ តាមរយៈការបង្កើនការផ្គត់ផ្គង់ជំនួសឱ្យការទប់ស្កាត់តម្រូវការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here