ដោយ: គង់ លាងហួរ
អន្តរជាតិ: បើទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងណាក្តី ក៏តម្លៃជួលការិយាល័យនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) របស់ប្រទេសសិង្ហបុរីបានបន្តកើនឡើងសន្សឹមៗក្នុងត្រីមាសទី២ ឆ្នាំ២០២៥។
ជាក់ស្តែង តម្លៃជួលការិយាល័យកម្រិត A នៅតំបន់ CBD បានកើនឡើង០,៧ភាគរយធៀបនឹងត្រីមាសទី១ ដល់១១,៦៩ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េក្នុងមួយខែ។នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។
ផ្ទុយទៅវិញ តម្លៃជួលការិយាល័យនៅខាងក្រៅតំបន់ CBD បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដោយបានធ្លាក់ចុះ០,៨ភាគរយ មកត្រឹម៧,៦១ដុល្លារសិង្ហបុរីក្នុងមួយហ្វីតការ៉េ។
ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL វាយតម្លៃថា “ការធ្លាក់ចុះនេះ ដោយសារក្រុមហ៊ុនជាច្រើនបានកាត់បន្ថយទំហំបន្ទប់ការិយាល័យ និងបានផ្លាស់ប្តូរទីតាំងទៅជិតតំបន់ CBD”។
លោក Andrew Tangye អ្នកជំនាញនៅក្រុមហ៊ុន JLL Singapore បានលើកឡើងថា “បណ្តាក្រុមហ៊ុនជាច្រើនកំពុងផ្លាស់ប្តូរទីតាំងធ្វើការទៅកាន់ការិយាល័យមានគុណភាពខ្ពស់នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ដែលស័ក្តិសមជាមួយនឹងតម្រូវការរបស់ពួកគេ”។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Audi Singapore បានសម្រេចផ្លាស់ប្តូរទីតាំងការិយាល័យរបស់ខ្លួនពីអគារ Aperia ដែលស្ថិតនៅលើផ្លូវ Kallang Avenue ឆ្ពោះទៅកាន់អគារ Capital Square ក្នុងតំបន់ CBD។
លោក Chua Yang Liang អ្នកជំនាញមួយរូបទៀតនៅក្រុមហ៊ុន JLL បានអះអាងថា ក្រុមហ៊ុនជាច្រើនអាចនឹងបន្តផ្លាស់ប្តូរទីតាំងការិយាល័យទៅកាន់តំបន់ CBD ដោយសារតម្លៃជួលនៅតំបន់ CBD និងតម្លៃជួលនៅតំបន់ខាងក្រៅ មានគម្លាតខុសគ្នាចន្លោះពី៣០ភាគរយទៅ៣៥ភាគរយប៉ុណ្ណោះ៕