ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យបានបង្ហាញថា តម្លៃដីជាមធ្យមក្នុងប្រទេសជប៉ុនបានកើនឡើង២,៧ភាគរយ ក្នុងឆ្នាំ២០២៥ ដោយសារការរីកចម្រើនរបស់វិស័យទេសចរណ៍។ ឆ្នាំ២០២៥នេះជាឆ្នាំទី៤ ជាប់ៗគ្នា ដែលតម្លៃដីបានកើនឡើងក្នុងល្បឿនលឿនបំផុត ចាប់តាំងពីឆ្នាំ២០១០។
ជាមួយគ្នានោះ តម្លៃដីធ្លីនៅតាមតំបន់ទីក្រុងធំៗបានកើនឡើង ដោយសារកំណើននៃការអភិវឌ្ឍន៍នានាជុំវិញស្ថានីយ៍រថភ្លើង។ ចំណែក តម្លៃដីនៅតាមតំបន់ជនបទមួយចំនួនបានបន្តធ្លាក់ចុះ។
តួយ៉ាង តម្លៃដីជាមធ្យមនៅទូទាំងទីក្រុងតូក្យូបានកើនឡើង៨,១ភាគរយ។ក្នុងនោះ តម្លៃដីនៅលើផ្លូវ Kaminarimon ក្នុងតំបន់ទេសចរណ៍ល្បីល្បាញ Asakusa របស់ទីក្រុងមួយនេះបានហក់ឡើង២៩ភាគរយ។
ដីនៅខាងមុខហាងលក់សម្ភារៈការិយាល័យ Kyukyodo ក្នុងតំបន់ផ្សារទំនើប Ginza នៃទីក្រុងតូក្យូ ជាដីដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល៤០ឆ្នាំកន្លងមក។ ដីនៅទីនោះមានតម្លៃ៤៨,០៨លានយ៉េន (ប្រហែល៣៣៤.០០០ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ កើនឡើង៨,៧ភាគរយធៀបនឹងឆ្នាំមុន។
លោក Fumiko Watanabe អ្នកស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវអចលនទ្រព្យ NLI បានលើកឡើងថា “តម្លៃដីនៅតំបន់ទេសចរណ៍ល្បីៗត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងខ្ពស់បំផុត ដោយសារចំនួនភ្ញៀវទេសចរណ៍ហូរចូលទៅកាន់ប្រទេសជប៉ុនបានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុត” ។
ផ្ទុយទៅវិញ តម្លៃដីនៅតំបន់ជនបនក្នុងខេត្តចំនួន១២ របស់ប្រទេសជប៉ុនបានធ្លាក់ចុះខ្លាំងជាងឆ្នាំមុន រួមមានដូចជាខេត្ត Niigata ខេត្ត Yamanashi ខេត្ត Nara និងខេត្ត Kochi៕ប្រភព: Nikkei Asia៕