ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស CapitaLand Investment (CLI) របស់សិង្ហបុរីបានប្រកាសបោះទុនវិនិយោគចំនួន២,៨៣ពាន់លានដុល្លារសិង្ហបុរី(ប្រមាណ២,២ពាន់លានដុល្លារអាមេរិក) នៅទីក្រុងបុមបៃ និងទីក្រុង Pune នៃរដ្ឋ Maharashtra ក្នុងប្រទេសឥណ្ឌា។
ក្រុមហ៊ុន CLI អះអាងថា ផែនការវិនិយោគនៅរដ្ឋ Maharashtra ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌា។ ក្រុមហ៊ុន CLI គ្រោងបង្កើនផលបត្ររបស់ខ្លួននៅប្រទេសឥណ្ឌាពីទំហំទឹកប្រាក់៨ពាន់លានដុល្លារសិង្ហបុរីដល់ទំហំទឹកប្រាក់ចំនួន១៥ពាន់លានដុល្លារសិង្ហបុរីក្នុងឆ្នាំ២០២៨។
ការវិនិយោគនេះនឹងផ្តោតលើការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលទិន្នន័យ ភស្តុភារ និងសួនឧស្សាហកម្ម។ ការបោះទុនវិនិយោគរាប់ពាន់លានដុល្លារនេះជាសក្ខីភាពបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន CLI ចំពោះសក្តានុពលរបស់រដ្ឋ Maharashtra ក្នុងនាមជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផលិតកម្ម និងភស្តុភារ។
លោក Sanjeev Dasgupta នាយកប្រតិបត្តិនៃក្រុមហ៊ុន CLI India បានលើកឡើងថា “មូលដ្ឋានគ្រឹះសេដ្ឋកិច្ចយ៉ាងរឹងមាំរបស់រដ្ឋ Maharashtra និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ជាឱកាសវិនិយោគដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុន CapitaLand Investment”។
គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុន CLI គ្រប់គ្រងសួនអាជីវកម្ម (Business park) ចំនួន៥ទីតាំង នៅក្នុងរដ្ឋ Maharashtra ដែលមានទំហំផ្ទៃក្រឡាសរុបចំនួន៩,៧លានហ្វីតការ៉េ ខណៈក្រុមហ៊ុនគ្រោងសាងសង់សួនអាជីវកម្មទំហំ៤,៥លានហ្វីតការ៉េបន្ថែមទៀត។
លើសពីនេះ ក្រុមហ៊ុន CLI មានមជ្ឈមណ្ឌលទិន្នន័យចំនួន៤ទីតាំងនៅក្នុងទីក្រុងបុមបៃ (Mumbai) ទីក្រុង Bangalore ទីក្រុង Chennai និងទីក្រុង Hyderabad ដែលមានថាមពលសរុបចំនួន២៤៤មេហ្គាវ៉ាត់ (MW)៕ប្រភព: Edgeprop៕