ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យនៅកម្ពុជាអាចផ្តល់ផលចំណេញដ៏គួរឱ្យទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគ ជាពិសេសនៅក្នុងទីផ្សារខុនដូ ខណៈវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ានផ្សេងទៀតកំពុងបង្ហាញពីល្បឿនខុសៗគ្នានៃការងើបឡើងវិញ។
នៅដើមឆ្នាំ២០២៥ តម្លៃខុនដូនៅរាជធានីភ្នំពេញមានទំហំទឹកប្រាក់ប្រមាណ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈច្បាប់កម្មសិទ្ធិបរទេសមានភាពអំណោយផល។ ជាមួយគ្នានេះ ផលចំណេញពីការជួលមានអត្រាចន្លោះពី៦ភាគរយទៅ៨ភាគរយ និងនិន្នាការនគរូបនីយកម្ម។
ទោះបីជាទីផ្សារអចលនទ្រព្យនៅកម្ពុជាផ្តល់ផលចំណេញត្រឡប់មកវិញនៃការវិនិយោគខ្ពស់យ៉ាងណាក្តី ក៏ប៉ុន្តែសន្ទុះរបស់កម្ពុជាមានលក្ខណៈពិសេសផ្តោតតែលើទីផ្សារខុនដូ ខណៈទីផ្សារការិយាល័យ ការលក់រាយ និងបដិសណ្ឋារកិច្ចហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគនោះឡើយ។
ប្រទេសកម្ពុជាមានភាពទាក់ទាញ។ ប៉ុន្តែការវិនិយោគភាគច្រើនផ្តោតលើខុនដូនៅក្នុងតំបន់ទីក្រុងសំខាន់ៗ ដោយសារតម្លៃខុនដូមានភាពប្រកួតប្រជែង និងមានអត្រាផលចំណេញខ្ពស់ពីការវិនិយោគ ហើយជនបរទេសមានសិទ្ធិកាន់កាប់ខុនដូចំនួន៧០ភាគរយនៃចំនួនយូនីតខុនដូសរុបនៅក្នុងអគារមួយ។
ផ្ទុយទៅវិញ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានបង្ហាញសក្តានុពលនៃកំណើនទាំងទីផ្សារលំនៅដ្ឋាន ឧស្សាហកម្ម ការលក់រាយ ការិយាល័យ និងបដិសណ្ឋារកិច្ច។ ការណ៍នេះធ្វើឱ្យទីផ្សារអចលនទ្រព្យវៀតណាមកាន់តែមានភាពទាក់ទាញ និងមានភាពរឹងមាំជាងកម្ពុជា។
ទីផ្សារលំនៅដ្ឋាន ឧស្សាហកម្ម ការិយាល័យ ការលក់រាយ និងបដិសណ្ឋារកិច្ចនៅប្រទេសវៀតណាមបានបង្ហាញនូវសន្ទុះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។
តម្រូវការជួលទីតាំងអចលនទ្រព្យឧស្សាហកម្មបានកើនឡើង បើទោះបីជាទទួលរងសម្ពាធសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។ តម្លៃជួលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម។
លើសពីនេះ កំណើនភ្ញៀវទេសចរណ៍បរទេសបានជំរុញឱ្យតម្លៃបន្ទប់ស្នាក់នៅរបស់សណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ បានកើនឡើងចន្លោះពី២,៤ភាគរយទៅ២,៦ភាគរយក្នុងឆមាសទី១ ឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈអត្រាគ្របដណ្តប់ការស្នាក់នៅ(Occupancy Rate)បានកើនឡើងដល់ចំនួន៧០ភាគរយ៕ប្រភព: The Investor និង Cushman & Wakefield៕