ស្ថាប័នសារព័ត៌មានអន្តរជាតិធំៗបង្ហាញចំណុចសំខាន់ៗមួយចំនួន ដែលកម្ពុជាមានប្រៀបនៅក្នុងសង្គ្រាមជាមួយភាគីថៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា និងការវិភាគដោយក្រុមអ្នកជំនាញជាច្រើនបង្ហាញថា កម្ពុជាមានប្រៀបមួយចំនួននៅក្នុងសង្គ្រាមជាមួយភាគីថៃ រួមមានប្រៀបផ្នែកច្បាប់ និងការទូត ប្រៀបផ្នែកសារនយោបាយ និងឯកភាពផ្ទៃក្នុង និងការប្រើប្រាស់យុទ្ធសាស្ត្រនៃកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត។

កាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum បានលើកឡើងថា ប្រទេសកម្ពុជាបានប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយជោគជ័យនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដើម្បីទាមទារអធិបតេយ្យភាពលើតំបន់ប្រាសាទព្រះវិហារ។

កម្ពុជា​កំពុង​លើក​យក​គំរូ​ផ្លូវ​ច្បាប់​ទាំង​នោះ​មកប្រើប្រាស់ដើម្បី​បង្ហាញ​ទៅកាន់ពិភពលោកថា ប្រទេស​ថៃ​បាន​បំពាន​ច្បាប់​អន្តរជាតិ។

តាមរយៈការប្តឹងទៅកាន់តុលាការ ICJ និងអង្គការសហប្រជាជាតិ កម្ពុជាព្យាយាមបង្ហាញថា ខ្លួនជាអ្នកគោរពច្បាប់។ នេះបើយោងតាមកាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum។

កម្ពុជា​បាន​ចាត់​ទុក​ជម្លោះ​​នេះថា​ ជា​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់ភាគី​ថៃ។ ការណ៍នេះបានចាក់ដោតយ៉ាងជ្រាលជ្រៅទៅក្នុងស្មារតីជាតិនិយមរបស់សាធារណជនកម្ពុជា និងបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុង។

កាសែតសិង្ហបុរី Channel News Asia និងកាសែតអាល្លឺម៉ង់ DW បានចុះផ្សាយថា ​វោហាសាស្ត្រការពារ​ប្រាសាទ​ព្រះវិហារ​ និងវោហាសាស្ត្រ​ប្រឆាំង​ថៃ របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ប្រមូល​ផ្ដុំ​នូវ​ការ​គាំទ្រ​ជាតិ។

កម្ពុជាក៏ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់កាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធ WS-1B របស់ប្រទេសចិន និងប្រព័ន្ធ BM-11 របស់ប្រទេសកូរ៉េខាងជើង ដែលអាចវាយប្រហារឆ្លងកាត់ព្រំដែន។

កាសែតឥណ្ឌា Economic Times India និងកាសែត EurAsian Times បានរាយការណ៍ថា «កម្ពុជា​ខ្វះខាត​អំណាច​ផ្លូវអាកាស។ ប៉ុន្តែ​ កម្ពុជាមាន​កាំភ្លើង​ធំ​បាញ់គ្រាប់​រ៉ុក្កែត​ ដែលមាន​សមត្ថភាព​វាយ​ប្រហារ​ឆ្លងដែនទៅលើគោលដៅ​យោធាថៃ»។

ជាមួយគ្នានេះ កាសែត Reuters បានរាយការណ៍ ដោយដកស្រង់ប្រភពពីក្រសួងការបរទេសថៃ មកចុះផ្សាយថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីបណ្តាប្រទេសទីបីដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយថៃទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយតាមរយៈកិច្ចពិភាក្សាទ្វេរភាគីតែប៉ុណ្ណោះ។

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងប្រាប់កាសែត Reuters ថា សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានស្នើសុំធ្វើជាអ្នកសម្របសម្រួលកិច្ចសន្ទនា។ ប៉ុន្តែ ទីក្រុងបាងកកអះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយទ្វេរភាគីចំពោះជម្លោះនេះ។

លោក Nikorndej បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្រុះសម្រួលណាមួយពីប្រទេសទីបីនៅឡើយទេ។ យន្តការទ្វេរភាគីជាច្រកចេញដ៏ល្អបំផុត។ នេះជាការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំលើបញ្ហានេះ ដោយសម្តេចបានថ្កោលទោសចំពោះការឈ្លានពានខាងផ្នែកយោធាដោយប្រទេសថៃ។

ជាការឆ្លើយតប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអះអាងថា ខ្លួននឹងបើកកិច្ចប្រជុំបិទទ្វារដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃសុក្រនេះ៕ប្រភព: CNA DW Reuters The Guardian …៕

LEAVE A REPLY

Please enter your comment!
Please enter your name here