ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសារអំពីកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ប៉ុន្តែភាគីថៃមិនទទួលយកបទឈប់បាញ់។
ខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី២៥ ខែកក្កដានេះ
ដោយឃើញមានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួន ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម។
កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។
ឯកឧត្តមបានបង្ហាញនូវកង្វល់ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជា ឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។
ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើ របស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជា មិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។
ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។
ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។
ហេតុដូច្នេះ អ្វីដែលជាគន្លឹះ សម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ៕