(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថាកម្ពុជា និងថៃ មានបំណងពិចារណាលើបទឈប់បាញ់ ខណៈការប្រយុទ្ធគ្នារវាងកងទ័ពនៃ ប្រទេសទាំង២នៅតំបន់ព្រំដែនកំពុងបន្តធ្វើឡើងចូលដល់ថ្ងៃទី២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។
លោក Anwar បានលើកឡើងក្នុងការបង្ហោះលើ Facebook កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដាថា លោកបានទំនាក់ទំនងដោយផ្ទាល់ជាមួយសមភាគីកម្ពុជា និងថៃ ហើយបានអំពាវនាវឱ្យភាគីទាំង២បន្ធូរបន្ថយជម្លោះ។
លោកបន្ថែមថា «នៅល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា (សម្ដេចធិបតី) ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីនៃព្រះរាជាណាចក្រថៃ លោក Phumtham Wechayachai ដើម្បីបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់ម៉ាឡេស៊ី ជុំវិញការកើនឡើងភាពតានតឹងនៅតំបន់ព្រំដែនៃប្រទេសទាំង២»។