ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកគង់ ភោគបានលើកឡើងថា កម្ពុជារំពឹងថា រដ្ឋាភិបាលថៃ និងប្រជាជនថៃ ក្នុងនាមជារដ្ឋដែលគោរពច្បាប់ នឹងប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ មិនប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ ភោគ រៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញលទ្ធផលជំនួបរបស់ប្រមុខការទូតកម្ពុជា ជាមួយបណ្ដាទូតទាំងអស់ក្នុងប្រទេស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
លោក គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងបានធ្វើការ ដោយការទទួលខុសត្រូវដោយវិជ្ជាជីវៈ ដោយការគោរព ដោយថ្នាក់ដឹកនាំកំពូលរបស់យើង បានចេញរហូតដល់សារ ឲ្យរក្សាទំនាក់ទំនងល្អ ជាមួយនឹងប្រជាជន កុំបង្កឲ្យមានស្ថានភាពផ្សេងៗ ហើយយើងក៏រំពឹងដូចគ្នាទៅដល់ថៃ ក៏ដូចជាប្រជាជនថៃ ក្នុងនាមជារដ្ឋ ដែលគោរពច្បាប់ ដែលមានការទទួលខុសត្រូវ”។
បន្ថែមពីនោះទៀត លោក គង់ ភោគ បានគូសបញ្ជាក់ថា កម្ពុជានឹងបន្ដឆ្លើយតបទៅដល់តម្រូវការ និងការស្នើសុំផ្សេងៗ របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ហើយកម្ពុជានឹងធ្វើការតវ៉ា ក៏ដូចជា ជូនដំណឹងទៅដល់ភាគីថៃ ក្នុងករណីមានអំពើហិង្សាណាមួយកើតឡើង មកលើប្រជាពលរដ្ឋខ្មែរ។
ពាក់ព័ន្ធជាមួយនឹងប្រជាជនខ្មែរ នៅប្រទេសថៃ លោក គង់ ភោគ ក៏សូមកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជា មន្ដ្រីរាជការរបស់កម្ពុជាគ្រប់ជាន់ថ្នាក់ ពីព្រោះបន្ទាប់ពីផ្ទុះសង្គ្រាម ដោយសារការឈ្លានពានរបស់ថៃភ្លាម គឺបានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យរក្សាភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក ពីព្រោះនេះ គឺជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។
លោកបានលើកឡើងទៀតថា ក្នុងនាមជារដ្ឋមួយ ដែលមានការទទួលខុសត្រូវ ដែលគោរពច្បាប់ ដូចករណីដូចប្រទេសកម្ពុជា គឺកម្ពុជាប្រកាន់ភ្ជាប់ត្រង់ចំណុចមួយនេះ។
លើសពីនោះទៀត លោក គង់ ភោគបានបញ្ជាក់ថា “នៅស្ថានទូតកម្ពុជានៅប្រទេសថៃ នៅមានមន្ដ្រីទូតរបស់យើង ដែលបន្ដបំពេញភារកិច្ច ទោះបីជានៅក្នុងស្ថានភាព លំបាកបែបនេះក៏ដោយ ដើម្បីឆ្លើយតបទៅគ្រប់តម្រូវការ និងភាពចាំបាច់ផ្សេងៗ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងបម្រើការងារនៅប្រទេសថៃ ក៏ដូចជាអគ្គកុងស៊ុល នៅតាមតំបន់មួយចំនួន”៕