ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រកាសដំឡើងប្រាក់ខែគុណជាពីរ ដល់កីឡាករ ឡូត សុខខឿន ក្លឹប Khmer United ដែលជាវីរកងទ័ពតស៊ូប្រយុទ្ធនៅសមរភូមិមុខ

0

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងជាស្ថាបនិកក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United បានប្រកាសដំឡើងប្រាក់ថ្លៃពលកម្មគុណនឹងពីរ ដល់កីឡាករអ្នកចាំទី ឡូត សុខខឿន ដែលជាវីរកងទ័ពកម្ពុជា តស៊ូប្រយុទ្ធតតាំងជាមួយកងទ័ពថៃ នៅព្រំដែនសមរភូមិជួរមុខ អស់រយៈពេល ៥យប់ ៦ថ្ងៃ។

តាមរយៈបណ្តាញសង្គម កាលពីថ្ងៃទី២៩ ខែកក្កដា លោកឧកញ៉ាបណ្ឌិតប្រធានក្លឹបបាល់ទាត់ Khmer United FC បានលើកឡើងថា កីឡាករ ឡូត សុខខឿន គឺជាអ្នកចាំទីម្នាក់ ដែលបានជួយឱ្យក្លឹបបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC លើកពាន Soccer League 2024 គឺជាវីរកងទ័ពកម្ពុជានៅជួរមុខ ហើយក្រោយចប់សង្រ្គាមនៅជាយដែន ត្រលប់មកលេងបាល់ទាត់វិញ នឹងត្រូវទទួលថ្លៃពលកម្ម ឡើងមួយជាពីរ។

ក្រោយឃើញការប្រកាសរបស់លោកឧកញ៉ាបណ្ឌិតខាងលើនេះ អ្នកចាំទី ឡូត សុខខឿន ក៏បានឆ្លើយតបថ្លែងអំណរគុណវិញផងដែរ។ វីរកងទ័ពកម្ពុជារូបនេះ បានលើកឡើងបែបនេះថា៖ “អរគុណមេសម្រាប់ទឹកចិត្ត និងសេចក្តីស្រឡាញ់របស់មេ Khmer United FC”។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត (Khmer Real Estate Co., Ltd) ដែលធ្វើអាជីវកម្មផ្នែក ទិញ លក់ ជួល និងវាយតម្លៃអចលនទ្រព្យគ្រប់ប្រភេទ។ លោក ឧកញ៉ា ក៏ជានាយកប្រតិបត្តិរបស់បុរី វិមានសំណាង (Borey Vimean Samnang) ដែលជាលំនៅដ្ឋានលំដាប់ អភិជន លើផ្ទៃដី ២៥ហិកតា មានជិត ៤០០វីឡា ខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ។

ទទឹមនឹងនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏ជាស្ថាបនិក ប្រធានក្រុម និងជាខ្សែប្រយុទ្ធលេខ១០ របស់ក្រុមបាល់ទាត់ Khmer United។ ក្លិបបាល់ទាត់ Khmer United FC ជាក្លិបបាល់ទាត់ពាក់កណ្តាលអាជីព ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១១ ដោយឧកញ៉ាបណ្ឌិត គីម ហ៊ាង ហើយកំពុងត្រៀមចូលលេងលីកកំពូលកម្ពុជាក្នុងថ្ងៃអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here