(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ថ្លែងនូវការវាយតម្លៃខ្ពស់ និងអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងបទឈប់បាញ់និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគ ប្រកបដោយជោគជ័យ។
សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងដូច្នេះថា «ទោះមានការឈប់បាញ់ តែខ្ញុំមិនបានសម្រាកច្រើនទេ។ យប់មិញខ្ញុំសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ ដែលនឹងអាចបន្តរហូតម៉ោង៧ល្ងាច ឬលើសពីនេះទៅតាមការវិវត្តនៃសភាពការ។ កិច្ចការរបស់ខ្ញុំចាប់ពីម៉ោង១២យប់ថ្ងៃ ២៨ ឆ្លងចូលថ្ងៃ២៩ កក្កដា ២០២៥នេះ គឺជួយជ្រោមជ្រែងអនុវត្តនូវកិច្ចព្រមព្រៀងឈប់បាញ់ ឲ្យទទួលបានជោគជ័យ ដើម្បីធានាថាសង្គ្រាមនឹងត្រូវបិទបញ្ចប់ ជំនួសដោយសន្តិភាព។
ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តនូវកិច្ចព្រៀងនេះ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគ ប្រកបដោយជោគជ័យ។ សូមរួមគ្នាការពារសន្តិភាព ដើម្បីជៀសវាងបាត់សន្តិភាព ទើបស្វែងរកសន្តិភាពដែលជារឿងដ៏លំបាក»៕