ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រោយសង្រ្គាមចប់ សន្តិភាពកើតមានជាថ្មី នឹងធ្វើឲ្យតំបន់ស្ថិតនៅព្រំប្រទល់ប្រទេសថៃ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យនឹងទទួលបានការអភិវឌ្ឍកាន់តែខ្លាំងនាពេលខាងមុខ។
ជាក់ស្តែង នាពេលបច្ចុប្បន្ននេះ ផ្លូវគមនាគមន៍មួយចំនួនឆ្ពោះទៅកាន់ព្រំប្រទល់ជាមួយប្រទេសថៃ មិនទាន់មានការអភិវឌ្ឍបានប្រសើរនៅឡើយទេ ដែលរាជរដ្ឋាភិបាលនឹងយកចិត្តទុកដាក់ ចំពោះបញ្ហានេះ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក យិន លាងគង់បានមាមប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី២៩ កក្កដាថា មែនទែនទៅ រដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋទូទាំងប្រទេស ដើម្បីជម្រុញការធ្វើសមាហរណកម្មក្នុងផ្ទៃប្រទេសផង និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផង។
លោកបន្តថា ប៉ុន្តែទោះជាយ៉ាងណា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋនៅតាមព្រំដែន ពិតជានៅមានកម្រិត ដែលរាជរដ្ឋាភិបាលគួរវិភាជន៍ថវិកាជាតិ ដើម្បីធ្វើការអភិវឌ្ឍបណ្តាញផ្លូវសំខាន់ៗ នៅតាមព្រំដែនជាមួយប្រទេសថៃឲ្យបានកាន់តែប្រសើរ”។
លោកយិន លាងគង់បានបន្តថា ដូចគ្នានឹងជម្លោះនៅតំបន់ប្រសាទព្រះវិហារ ក្នុងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ បន្ទាប់ពីបញ្ចប់សង្រ្គាម រាជរដ្ឋាភិបាលដែលកាលណោះ មានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ឋសភាបច្ចុប្បន្ននេះ បានយកចិត្តទុកដាក់ ធ្វើការអភិវ្ឍនៅតំបន់ព្រំដែនច្រើន ដោយស្ថាបនាផ្លូវ និងស្ពានសំខាន់ៗជាច្រើន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជម្រុញកំណើ់នសេដ្ឋកិច្ចជាតិ៕