ផលចំណេញពីការវិនិយោគជួលអចលនទ្រព្យក្នុងរាជធានីភ្នំពេញនៅតែមានកម្រិតខ្ពស់

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ផលចំណេញពីការជួលអចលនទ្រព្យក្នុងប្រទេសកម្ពុជានៅតែមានភាពទាក់ទាញចំពោះបណ្តាអ្នកវិនិយោគ។ ជាពិសេស ការវិនិយោគខុនដូនៅតាមបណ្តាទីក្រុងធំៗ ដូចជា រាជធានីភ្នំពេញអាចផ្តល់នូវផលចំណេញខ្ពស់។

ការវិនិយោគខុនដូនៅទីក្រុងភ្នំពេញ ផ្តល់ផលចំណេញក្នុងអត្រាចន្លោះពី៦ភាគរយទៅ៨ភាគរយ ជាពិសេសនៅក្នុងតំបន់សម្បូរជនបរទេស ដូចជា តំបន់បឹងកេងកង១ ផ្សារទួលទំពូង និងខណ្ឌជ្រោយចង្វារ។ តំបន់ទាំងនេះទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពនៃតម្រូវការជួលខុនដូ។

ចំណែក ការវិនិយោគលើផ្ទះវីឡាអាចផ្តល់ផលចំណេញក្នុងអត្រាចន្លោះពី៤ភាគរយទៅ៥ភាគរយនៅទីក្រុងភ្នំពេញ។ ការវិនិយោគលើផ្ទះវីឡាទាមទារការគ្រប់គ្រងដោយផ្ទាល់ និងទាក់ទាញអ្នកជួលរយៈពេលវែង។

ជាមួយគ្នានេះ ការវិនិយោគលើផ្ទះអាជីវកម្ម(Shophouse) អាចផ្តល់ជូនផលចំណេញជាមធ្យមចាប់ពី៥ភាគរយទៅ៧ភាគរយ ខណៈឱកាសវិនិយោគបានលេចឡើងនៅក្នុងខណ្ឌសែនសុខ និងខណ្ឌដង្កោ ដោយសារសកម្មភាពពាណិជ្ជកម្មនៅតំបន់នេះកំពុងកើនឡើង។

ទោះជាយ៉ាងណា ការវិនិយោគលើផ្ទះអាជីវកម្មមានហានិភ័យខ្ពស់ ដោយសារទីផ្សារអាស្រ័យលើលក្ខខណ្ឌអាជីវកម្មក្នុងស្រុក និងការដើរថ្មើរជើង។

នៅដំណាច់ឆ្នាំ២០២៥ រាជធានីភ្នំពេញត្រូវបានគេព្យាករណ៍ថា នឹងទទួលបាននូវការផ្គត់ផ្គង់ខុនដូថ្មីចំនួនជាង៦.០០០យូនីត។ ការណ៍នេះនឹងនាំឱ្យការផ្គត់ផ្គង់ខុនដូសរុបនៅទីក្រុងភ្នំពេញកើនឡើងដល់ចំនួន៧៨.០០០យូនីត៕ប្រភព: Bamboo Routes៕

LEAVE A REPLY

Please enter your comment!
Please enter your name here