ដោយ: គង់ លាងហួរ
អន្តរជាតិ: ខណៈបច្ចេកវិទ្យា និងនវានុវត្តន៍កំពុងបោះជំហានទៅមុខ បណ្តាប្រទេសនានានៅលើពិភពលោកបានរៀបចំនូវផែនការអភិវឌ្ឍន៍ទីក្រុងរបស់ពួកគេទៅតាមរចនាបថស្ថាបត្យកម្មខុសៗពីគ្នា ដោយរួមបញ្ចូលទាំងកត្តាប្រវត្តិសាស្ត្រ សិល្បៈ និងបច្ចេកទេសសម័យទំនើប។
ខាងក្រោមនេះជាទីក្រុងធំៗចំនួន៥ លើពិភពលោក ដែលមានស្ថាបត្យកម្មទាក់ទាញបំផុត៖
ទី១: ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ
ទីក្រុង Barcelona មានស្ថាបត្យកម្មល្អបំផុត។ ទីក្រុងនេះជាស្រុកកំណើតរបស់លោក Antoni Gaudi ដែលជាស្ថាបត្យកររចនាអគារចម្រុះពណ៌ Casa Batllo និងអគារ Sagrada Familia។ ទីក្រុង Barcelona ពោរពេញទៅដោយភាពទាក់ទាញ រាប់ចាប់ពីសារមន្ទីរ “Gothic Quarter” រហូតដល់ហាងរចនាម៉ូដទំនើប។
ទី២: ទីក្រុងតូក្យូ ប្រទេសជប៉ុន
ទីក្រុងតូក្យូ លាយបញ្ចូលគ្នារវាងស្ថាបត្យកម្មចាស់ និងស្ថាបត្យកម្មថ្មីប្រកបដោយភាពរលូន។ ភ្ញៀវទេសចរណ៍អាចទស្សនាទីសក្ការបូជា Meiji Jingu ដែលត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសដល់អធិរាជជប៉ុន Meiji។ ទីក្រុងតូក្យូក៏សម្បូរទៅដោយអគារកប់ពពកជាច្រើន ដែលស្រោបទៅដោយកញ្ចក់។
ទី៣: ទីក្រុង Prague សាធារណៈរដ្ឋឆេក
ការធ្វើដំណើរឆ្លងកាត់ទីក្រុង Prague ប្រៀបដូចជា ការបោះជំហានចូលទៅក្នុងរឿងនិទានមួយ។ ទីក្រុងនេះសម្បូរទៅដោយអគារ ដែលមានកំពូលស្រួច ស្ពាន និងអគារមានរូបរាងដូចក្នុងសៀវភៅរឿងនិទាន។ រាប់ចាប់ព្រះវិហារ Gothic រហូតដល់អគារ “Dancing House” ទីក្រុង Prague ជាក្តីសុបិនសម្រាប់អ្នកសិក្សាផ្នែកស្ថាបត្យកម្ម។
ទី៤: ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម
ទីក្រុងឌូបៃក្លាយជាទីក្រុងបំបែកឯតទគ្គកម្មឈានមុខគេ ដោយមានអគារខ្ពស់ជាងគេបំផុត អគារធំជាងគេបំផុត និងអគារប្រណីតបំផុតនៅលើភពផែនដី។ ប៉ុន្តែ ប្រសិនបើយើងក្រឡេកមើលទៅកាន់តែជិត យើងក៏នឹងមើលឃើញទិដ្ឋភាពភូមិចាស់ៗដ៏គួរឱ្យទាក់ទាញ ជាមួយនឹងផ្ទះបែបប្រពៃណីអារ៉ាប់ ដែលបង្ហាញពីស្ថានភាពស្ងប់ស្ងាត់នៃប្រវត្តិសាស្ត្រទីក្រុងឌូបៃ។
ទី៥: ទីក្រុងប៉ារីស ប្រទេសបារាំង
រដ្ឋធានីប៉ារីសជាទីក្រុងមួយក្នុងចំណោមទីក្រុងមានស្ថាបត្យកម្មល្អបំផុតលើពិភពលោក។ អគារល្បីៗដូចជា អគារ Eiffel Tower និងអគារ Notre-Dame ជាគោលដៅទេសចរណ៍ដ៏ល្បីលើពិភពលោក។ នៅពេលដើរលេងកំសាន្តនៅតាមដងផ្លូវណាមួយ នោះយើងនឹងសម្គាល់ឃើញភាពឆើតឆាយរបស់ទីក្រុងប៉ារីស មហាវិថីធំទូលាយ៕ប្រភព: NDTV៕