ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនត្រូវបានបង្កើតឡើង ស្របពេលមនុស្សត្រូវការលំនៅដ្ឋាន អគារការិយាល័យ សណ្ឋាគារ ការលក់រាយ និងទីតាំងអចលនទ្រព្យឧស្សាហកម្ម ដូចជា ឃ្លាំង និងរោងចក្រជាដើម។
ខាងក្រោមនេះជាឈ្មោះរបស់បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបំផុតចំនួន៥ នៅតំបន់អាសុី គិតត្រឹមឆ្នាំនេះ៖
ទី១: ក្រុមហ៊ុនសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន (CSCEC)
ក្រុមហ៊ុនខ្នាតយក្សនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន ដែលដើរតួនាទីយ៉ាងសកម្មទាំងក្នុងការសាងសង់ និងការអភិវឌ្ឍន៍អចលនទ្រព្យ។ក្រុមហ៊ុន CSCEC មានទំហំទ្រព្យសកម្មប្រមាណ៤១០ពាន់លានដុល្លារអាមេរិក។
ទី២: ក្រុមហ៊ុន Country Garden Holdings
ក្រុមហ៊ុននេះជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋានច្រើនជាងគេបំផុតមួយក្នុងប្រទេសចិន។យ៉ាងណាមិញ ក្រុមហ៊ុន Country Garden Holdings បានជាប់ផុងក្នុងវិបត្តិបំណុល និងពុំមានសាច់ប្រាក់ដើម្បីទូទាត់សង។ ក្រុមហ៊ុន Country Garden មានទំហំទ្រព្យសកម្មប្រមាណ២៥២,៩ពាន់លានដុល្លារ។
ទី៣: ក្រុមហ៊ុន Vanke
ក្រុមហ៊ុននេះគ្រប់គ្រងផលបត្រលំនៅដ្ឋាន និងពាណិជ្ជកម្ម។ ក្រុមហ៊ុន Vanke Co., Ltd មានទំហំទ្រព្យសកម្មប្រមាណ២១២ពាន់លានដុល្លារអាមេរិក។ថ្មីៗនេះ ក្រុមហ៊ុន Vanke បានជួបប្រទះបញ្ហាកង្វះសាច់ប្រាក់ ដោយសារការដាំក្បាលចុះនៃវិស័យអចលនទ្រព្យចិន។
ទី៤: ក្រុមហ៊ុន Poly Developments & Holdings
ក្រុមហ៊ុននេះត្រូវបានគាំទ្រដោយក្រុមហ៊ុនរដ្ឋចិន China Poly Group។ ក្រុមហ៊ុន Poly Developments & Holdings រក្សាបានស្ថិរភាពហិរញ្ញវត្ថុ និងមានសិទ្ធិក្នុងការទិញដីធ្លីធំៗ។
ក្រុមហ៊ុន Poly Developments & Holdings បានធ្វើការអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានលំដាប់ខ្ពស់ និងគម្រោងអគារប្រើប្រាស់ចម្រុះ (mixed-use) ជាច្រើន។ ក្រុមហ៊ុននេះមានទំហំទ្រព្យសកម្មប្រមាណ១៩៧ពាន់លានដុល្លារអាមេរិក។
ទី៥: ក្រុមហ៊ុន Sun Hung Kai Properties
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតមួយនេះមានមូលដ្ឋាននៅទីក្រុងហុងកុង នៃប្រទេសចិន។ ក្រុមហ៊ុន Sun Hung Kai ទទួលបានប្រាក់ចំណូលភាគច្រើនពីការជួលអគារពាណិជ្ជកម្ម និងផ្សារទំនើប។ក្រុមហ៊ុននេះមានទំហំទ្រព្យសកម្មប្រមាណ១០៦ពាន់លានដុល្លារ៕ប្រភព: Wikipedia & Forbes៕