ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ គម្រោងអភិវឌ្ឍន៍ និងវិនិយោគជាច្រើន បាននិងកំពុងបង្ហាញរូបរាងនៅក្នុងភូមិភាគប៉ែកឦសាននៃប្រទេសកម្ពុជា គឺខេត្តមណ្ឌលគីរី ក្នុងនោះគម្រោងធំៗចំនួន៣ បានបង្ហាញពីភាពលេចធ្លោ និងជួយបង្កើនភាពទាក់ទាញលើការវិនិយោគក្នុងវិស័យដីធ្លីនៅខេត្តមួយនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ដែលទើបបានចុះទៅដល់ទីតាំងគម្រោងជាច្រើន នៅក្នុងខេត្តមណ្ឌលគីរីបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា នៅត្រឹមរយៈជិត២ឆ្នាំចុងក្រោយនេះ ខេត្តមណ្ឌលគីរីមានភាពរីកចម្រើន និងផ្លាស់ប្ដូរយ៉ាងខ្លាំង ជាពិសេស ផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាស្ទើរទូទាំងខេត្ត។
លោកបញ្ជាក់ថា “ផ្លូវជាតិតភ្ជាប់ពីបណ្តាខេត្តនានា ដែលមានព្រំប្រទល់ជាប់គ្នាជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការទាក់ទាញការវិនិយោគសម្រាប់ខេត្តមណ្ឌលគីរី” ។ លោកបន្តថា “ក្រៅពីគម្រោងរៀបចំ ស្ថាបនាអភិវឌ្ឍន៍ផ្លូវថ្នល់ ផ្លូវជាតិសំខាន់ៗ ដែលជាគម្រោងអាទិភាពទី១នៅក្នុងខេត្តនេះ នៅមានគម្រោងសាងសង់អាកាសយានដ្ឋានថ្មី ក្នុងតំបន់មួយទៀត ដែលទីតាំងគម្រោងស្ថិតនៅស្រុកអូររាំង ទំហំប្រមាណ៣០០ហិកតា ត្រូវបានរដ្ឋបាលខេត្តត្រៀមទុករួចរាល់ និងកំពុងសិក្សាពីផលប៉ះពាល់” ។
ក្រៅពីគម្រោងអភិវឌ្ឍន៍ទាំង២នេះ នៅមានគម្រោងអភិវឌ្ឍអេកូទេសចរណ៍នៅតំបន់សមុទ្រឈើ ដែលសុទ្ធតែត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោក ច្រឹក សុខនីមបានបញ្ជាក់ទៀតថា បន្ថែមពីលើគម្រោងអភិវឌ្ឍន៍ និងវិនិយោគធំៗជាច្រើនទៀត ខេត្តមណ្ឌលគីរី បច្ចុប្បន្ននេះបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគជាច្រើន ដូចជាគម្រោងវិនិយោគបង្កើតតំបន់ទេសចរណ៍កែច្នៃ តំបន់ផ្ទះលំហែរកាយ ក៏ដូចជាវិស័យកសិឧស្សាហកម្មផងដែរ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បានមានប្រសាសន៍ថា “មណ្ឌលគីរី ជាខេត្តមួយដ៏ល្អរបស់កម្ពុជា លើវិស័យទេសចរណ៍ធម្មជាតិខុសពីខេត្តដទៃទៀត ជាពិសេសក្រោយពេលដែល រដ្ឋាភិបាល មានគម្រោងអភិវឌ្ឍធំៗនៅក្នុងខេត្តមួយនេះ ដូចជា គម្រោងសាងសង់ព្រលានយន្តហោះ រួមជាមួយនឹងការបង្កើតគណកម្មការអន្តរក្រសួង សិក្សាពីលទ្ធភាពរៀបចំផែនការមេសម្រាប់អភិវឌ្ឍន៍នៅទូទាំងខេត្ត ដែលកាន់តែធ្វើឱ្យខេត្តនេះ មានភាពទាក់ទាញ និងក៏ជំរុញឱ្យវិស័យអចលនទ្រព្យចាប់ផ្តើមកម្រើកផងដែរ។
លោកស្រីបានបន្តទៀតថា “ជាធម្មតានៅពេលដែលមានការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន កំណើនសេដ្ឋកិច្ចក្នុងតំបន់ក៏កាន់តែល្អប្រសើរ ដែលធ្វើឱ្យប្រជាជនលទ្ធភាពធូរធារ” ។
ដោយឡែកជាមួយនឹងវត្តមាននៃព្រលានយន្តហោះ រួមនឹងគម្រោងអភិវឌ្ឍតំបន់មួយចំនួនជាទីកម្សាន្តបែបធម្មជាតិ វានឹងធ្វើឱ្យខេត្តមួយនេះមានភាពទាក់ទាញ និងអភិវ ឌ្ឍន៍លឿន ដែលអាចកៀងគរភ្ញៀវទេសចរ ក៏ដូចជាចំនួនអ្នកវិនិយោគទៅកាន់ខេត្តនេះកាន់តែច្រើន។
លោកស្រី Grace Rachny Fong បានបន្តថា តម្លៃដីដែលមានវិសាលភាពសម្រាប់អភិវឌ្ឍជាតំបន់កម្សាន្តកែច្នៃបែបធម្មជាតិ និងបង្កើតជាតំបន់កសិឧ្សាហកម្ម បានកើនឡើងស្ទើរតែគុណនឹង២ដង បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ហើយចំពោះតម្លៃដី វាមិនដូចគ្នានោះទេ គឺអាស្រ័យទៅតាមតំបន់ដែមានតម្រូវការ ទំហំ និងស្ថានភាពរបស់ដី ប៉ុន្តែទីតាំងដែលមានសក្ដានុពល គឺស្ថិតនៅតំបន់ភ្នំ តំបន់ជ្រោះ និងមានស្ទឹងតូចធំឆ្លងកាត់៕