គម្រោង​អភិវឌ្ឍន៍ធំៗចំនួន៣ជួយ​បង្កើន​តម្លៃ និង​ការវិនិយោគ​ដីធ្លី​នៅ​ខេត្តមណ្ឌល​គី​រី​កើនឡើង

0

ដោយៈ រ៉ា​ណេ​ត

មណ្ឌល​គី​រីៈ គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគ​ជាច្រើន បាននិងកំពុង​បង្ហាញ​រូបរាង​នៅក្នុង​ភូមិភាគ​ប៉ែក​ឦសាន​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្ត​មណ្ឌល​គី​រី ក្នុងនោះ​គម្រោងធំៗចំនួន៣ បានបង្ហាញ​ពី​ភាពលេច​ធ្លោ និង​ជួយ​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ​ក្នុង​វិស័យ​ដីធ្លី​នៅ​ខេត្ត​មួយ​នេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ដែល​ទើបបាន​ចុះទៅ​ដល់ទី​តាំង​គម្រោង​ជាច្រើន នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងមក​ថា នៅត្រឹម​រយៈ​ជិត២ឆ្នាំ​ចុង​ក្រោយនេះ ខេត្ត​មណ្ឌល​គី​រី​មាន​ភាព​រីកចម្រើន និង​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង ជាពិសេស ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ស្ទើរ​ទូទាំង​ខេត្ត។

លោក​បញ្ជាក់ថា “ផ្លូវជាតិ​ត​ភ្ជាប់​ពី​បណ្តា​ខេត្ត​នានា ដែលមាន​ព្រំប្រទល់​ជាប់​គ្នា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ការវិនិយោគ​សម្រាប់​ខេត្ត​មណ្ឌល​គី​រី” ។ លោក​បន្តថា “ក្រៅពី​គម្រោង​រៀបចំ ស្ថាបនា​អភិវឌ្ឍន៍​ផ្លូវថ្នល់ ផ្លូវជាតិសំខាន់ៗ ដែលជា​គម្រោង​អាទិភាព​ទី១នៅក្នុង​ខេត្ត​នេះ នៅមាន​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី ក្នុង​តំបន់​មួយទៀត ដែល​ទីតាំង​គម្រោង​ស្ថិតនៅ​ស្រុក​អូររាំង ទំហំ​ប្រមាណ៣០០ហិកតា ត្រូវបាន​រដ្ឋបាលខេត្ត​ត្រៀម​ទុក​រួចរាល់ និង​កំពុង​សិក្សា​ពី​ផលប៉ះពាល់” ។

ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ទាំង២នេះ នៅមាន​គម្រោង​អភិវឌ្ឍ​អេកូ​ទេសចរណ៍​នៅ​តំបន់​សមុទ្រ​ឈើ ដែល​សុទ្ធតែ​ត្រូវបាន​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ផងដែរ។

លោក ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ទៀតថា បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍន៍ និង​វិនិយោគធំៗជាច្រើន​ទៀត ខេត្ត​មណ្ឌល​គី​រី បច្ចុប្បន្ននេះ​បាននិងកំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកវិនិយោគ​ជាច្រើន ដូចជា​គម្រោង​វិនិយោគ​បង្កើត​តំបន់​ទេសចរណ៍​កែច្នៃ តំបន់​ផ្ទះ​លំហែរ​កាយ ក៏ដូចជា​វិស័យ​កសិឧស្សាហកម្ម​ផងដែរ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ Century21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បាន​មាន​ប្រសាសន៍ថា “មណ្ឌល​គី​រី ជា​ខេត្ត​មួយ​ដ៏​ល្អ​របស់​កម្ពុជា លើ​វិស័យ​ទេសចរណ៍ធម្មជាតិ​ខុសពី​ខេត្ត​ដទៃទៀត ជាពិសេស​ក្រោយ​ពេលដែល  រដ្ឋាភិបាល មាន​គម្រោង​អភិវឌ្ឍធំៗនៅក្នុង​ខេត្ត​មួយ​នេះ ដូចជា គម្រោង​សាងសង់​ព្រលានយន្តហោះ រួមជាមួយ​នឹង​ការបង្កើត​គណកម្មការ​អន្តរក្រសួង សិក្សា​ពី​លទ្ធភាព​រៀបចំ​ផែនការមេ​សម្រាប់​អភិវឌ្ឍន៍​នៅ​ទូទាំង​ខេត្ត ដែល​កាន់តែ​ធ្វើឱ្យ​ខេត្ត​នេះ មាន​ភាព​ទាក់ទាញ និង​ក៏​ជំរុញ​ឱ្យ​វិស័យ​អចលនទ្រព្យ​ចាប់ផ្តើម​កម្រើក​ផងដែរ។

លោកស្រី​បាន​បន្តទៀតថា “ជាធម្មតា​នៅពេលដែល​មានការ​អភិវឌ្ឍ​ន៍ ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែច្រើន កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​ក៏​កាន់តែ​ល្អប្រសើរ ដែល​ធ្វើឱ្យ​ប្រជាជន​លទ្ធភាព​ធូរធារ” ។

ដោយឡែក​ជាមួយនឹង​វត្តមាន​នៃ​ព្រលានយន្តហោះ រួម​នឹង​គម្រោង​អភិវឌ្ឍ​តំបន់​មួយចំនួន​ជាទី​កម្សាន្ត​បែប​ធម្មជាតិ វា​នឹង​ធ្វើឱ្យ​ខេត្ត​មួយ​នេះ​មាន​ភាព​ទាក់ទាញ និង​អភិ​វ ឌ្ឍ​ន៍​លឿន ដែល​អាច​កៀងគរ​ភ្ញៀវទេសចរ ក៏ដូចជា​ចំនួន​អ្នកវិនិយោគ​ទៅកាន់​ខេត្ត​នេះ​កាន់តែច្រើន។

លោកស្រី Grace Rachny Fong បាន​បន្តថា តម្លៃ​ដី​ដែលមាន​វិសាលភាព​សម្រាប់​អភិវឌ្ឍ​ជា​តំបន់​កម្សាន្ត​កែច្នៃ​បែប​ធម្មជាតិ និង​បង្កើតជា​តំបន់កសិឧ្សាហកម្ម បាន​កើនឡើង​ស្ទើរតែ​គុណ​នឹង២ដង បើ​ប្រៀបធៀប​ទៅនឹងឆ្នាំមុនៗ ហើយ​ចំពោះ​តម្លៃ​ដី វា​មិន​ដូចគ្នា​នោះទេ គឺ​អាស្រ័យ​ទៅតាម​តំបន់​ដែ​មាន​តម្រូវការ ទំហំ និង​ស្ថានភាព​របស់​ដី ប៉ុន្តែ​ទីតាំង​ដែលមាន​សក្ដានុពល គឺ​ស្ថិតនៅ​តំបន់ភ្នំ តំបន់​ជ្រោះ និង​មាន​ស្ទឹង​តូចធំ​ឆ្លងកាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here