អ្នកជំនាញ​និយាយ​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការជ្រើសរើស​ក្រុមហ៊ុនសាងសង់​គ្មាន​វិញ្ញាបនបត្រ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​នៅក្នុង​វិស័យ សាងសង់​សំណង់​នៅ​កម្ពុជា បានបង្ហាញ​ពី​ក្ដីបារម្ភ ទៅនឹង​ការសម្រេចចិត្ត​របស់​ម្ចាស់​គម្រោង​សំណង់​មួយចំនួន ដែល​នៅតែមាន​ទំនោរ​ចិត្ត ផ្តល់​គម្រោង​សាងសង់​ទៅឱ្យ​ក្រុម​អ្នកម៉ៅការ ដែល​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ស្ថាប័ន​ជំនាញ ដែល​ប្រឈម​ទៅនឹង​គុណវិបត្តិ​ច្រើនជាង​គុណសម្បត្តិ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព​សំណង់​ទាំងស្រុង។

លោក​សឿន រដ្ឋា អគ្គនាយក​ក្រុមហ៊ុន​ជំនាញ​សិក្សា​គម្រោង​គ្រឿង​បង្គុំ​សំណង់ និង​ប្រឹក្សា​សាងសង់​សំណង់​នៅ​កម្ពុជា F.D.C Construction Co.,Ltd បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា ទោះជា​មានការ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ពី​សំណាក់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​យ៉ាងណាក៏ដោយ បច្ចុប្បន្ន ម្ចាស់​គម្រោង​មួយចំនួន (ភាគច្រើន​ម្ចាស់​គម្រោង​ក្នុងស្រុក) នៅតែ​ផ្តល់​គម្រោង​សាងសង់ ទៅឱ្យ​ក្រុម​អ្នកម៉ៅការ​ដែល​គ្មាន​វិញ្ញាបនបត្រ ទទួលស្គាល់​ពី​ស្ថាប័ន​ជំនាញ ដោយហេតុ​ផល​ថា ចំណាយ​ឈ្នួល​តិច ហើយ​អាច​កែតម្រូវ​តាម​ការចង់បាន របស់ខ្លួន​ដែល​ខុសពី​ប្លង់​គម្រោង​ដើម។

លោក​បញ្ជាក់ថា“វា​ជា​បញ្ហា​មួយ​សម្រាប់​ពួកគាត់ ដែលជា​ម្ចាស់​គាត់​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​គុណភាព និង​សុវត្ថិភាព​របស់​សំណង់​ទាំងស្រុង​តែម្ដង។ លោក​បន្តថា “យើង​ទទួលស្គាល់ថា ការប្រគល់​ឱ្យ​ក្រុម​អ្នកម៉ៅការ​សាងសង់ ដែល​មិនមាន​ការចុះបញ្ជី គឺ​ចំណាយ​តិចជាង​ការជ្រើសរើស​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ដែលមាន​ការចុះបញ្ជី និង​មានការ​ទទួលស្គាល់​ពី​ក្រសួង​ជំនាញ ប៉ុន្តែ​ត្រង់ចំណុច​នេះ ម្ចាស់​គម្រោង​គ​ម្បី​ពិចារណា​ទៅលើ​ភាព​យូរអង្វែង និង​សុខ​សុវត្ថិភាព​នៃ​គម្រោង​សំណង់​របស់​ពួកគាត់។

តាម​ការកត់សម្គាល់ ភាគច្រើន​គម្រោង​ដែល​ប្រគល់ឱ្យ ក្រុម​អ្នកម៉ៅការ​សាងសង់ ជា​គម្រោង​លំនៅដ្ឋាន ឬ​គម្រោង​អាគារ​ពាណិជ្ជកម្ម​ខ្នាតតូច ឬ​ក្រោម​មធ្យម ដែល​ក្រៅពី​ចំណាយ​តិច​សម្រាប់​ថ្លៃឈ្នួល​សាងសង់ ម្ចាស់​គម្រោង​អាច​មិន​ទុកចិត្ត ទៅលើ​ខ្ទង់ចំណាយ​ទៅលើ​ថ្លៃ​សម្ភារៈ​សាងសង់ ហើយ​យកមក​គ្រប់គ្រង​លើ​ការផ្គត់ផ្គង់​ដោយ​ខ្លួនឯង។     ម្យ៉ាងទៀត​ពួកគាត់ ក៏​អាច​កែតម្រូវ​ប្លង់​រចនាផ្សេងៗតាម​ចំណង់​ចិត្ត ទោះជា​ខុសពី​ទម្រង់​ប្លង់​ដើម​ក៏ដោយ។

លោក​សឿន រដ្ឋា បាន​បន្តថា “ការប្រគល់​គម្រោង​ទៅឱ្យ​ក្រុមហ៊ុន​សាងសង់ ស្របច្បាប់​ពួកគាត់​ត្រូវ​ចំណាយ​ច្រើន ប៉ុន្តែ​អ្វីដែល​ទទួលបាន​ត្រឡប់មកវិញ គឺ​គុណភាព​សំណង់ ដែល​ធានាបាន​នូវ​កម្រិតស្ដង់ដា និង​ស្របទៅតាម​ប្លង់​ដើម​ទាំងស្រុង” ។ លោក​បន្តថា “ ម្ចាស់​គម្រោង​ដែល​ឆ្លាត​វៃ គឺ​ពួកគេ​ប្រគល់​គម្រោង​ទាំងស្រុង ទៅឱ្យ​ក្រុមហ៊ុន​ជំនាញ​សាងសង់ ដោយ​កំណត់​នូវ​ពេលវេលា​បញ្ចប់​ការសាងសង់​ជាក់លាក់ ធានាបាន​នូវ​គុណភាព​ដោយមាន​កិច្ចសន្យា​ស្របច្បាប់” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here