ដោយៈប៊ី
ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា នឹងផ្តើមមើលឃើញសញ្ញាដំបូងនៃការងើបឡើងវិញក្នុងឆាប់ៗខាងមុខនេះ ពិសេសវិស័យខុនដូ បន្ទាប់កាលពីថ្មីៗនេះ ជើងហោះហើរអន្តរជាតិ បានចាប់ផ្តើមដំណើរការបណ្តើរៗ ជាមួយការវិលត្រឡប់មកវិញរបស់វិនិយោគិនចិន ហើយអាជីវកម្មក្នុងស្រុកបានចាប់ផ្តើម ដំណើរការធម្មតាឡើងវិញ ក្រោមគោលការណ៍ណែនាំសុខភាពថ្មីរបស់ក្រសួងសុខាភិបាល។
ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់សេដ្ឋកិច្ច ដែលមកពីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែអាចសង្កេតឃើញថាទីផ្សារពិភពលោក រួមទាំងអចលនទ្រព្យនឹងមិនដឹងច្បាស់លាស់ដូចគ្នាទេ។ ដោយមើលឃើញពីភាពមិនច្បាស់លាស់ អ្នកជំនាញបាននិងកំពុងសំឡឹងមើលថា តើទីផ្សារអចលនទ្រព្យនឹងទៅជាយ៉ាងណានាពេលអនាគត។
លោក James Hodge នាយកជាន់ខ្ពស់នៃក្រុមហ៊ុន CBRE កម្ពុជា ត្រូវបានដកស្រង់ចេញសម្តីចេញគេទំព័រ Realestate.com.kh ឱ្យដឹងថា “ជំងឺរាតត្បាតនេះបានបង្ហាញពីកង្វះនៃភាពធន់ នៅក្នុងវិស័យអចលនទ្រព្យជាច្រើននៅទូទាំងពិភពលោក។ យើងឃើញថានេះគឺជាការពិត ជាពិសេសនៅក្នុងវិស័យលក់រាយ និងបដិសណ្ឋារកិច្ចរងផលប៉ះពាល់ខ្លាំង” ។
លោក James Hodge យល់ស្របថា ខុនដូដែលមានតំលៃសមរម្យ ទំនងជានឹងងើបឡើងវិញមុនគេ។
លោកបានថ្លែងថា “ខ្ញុំរំពឹងថាវិស័យមួយចំនួននឹងងើបឡើងវិញ យ៉ាងឆាប់រហ័ស ដូចជាទីផ្សារខុនដូ ពិសេសខុនដូតម្លៃសមរម្យ និងលំនៅដ្ឋាន ទំនងជានឹងក្នុងការងើបឡើងវិញមុខគេ” ។
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ជាពិសេសវិស័យខុនដូលំដាប់ប្រណីត និងលំដាប់មធ្យមបានធ្លាក់ចុះ។
យោងតាមរបាយការណ៍ក្រុមហ៊ុន CBRE នៅត្រីមាសទី២ តម្លៃលក់ខុនដូលំដាប់ប្រណីត បានធ្លាក់ចុះ ៤,៦% ខណៈខុនដូលំដាប់មធ្យមធ្លាក់ចុះ ៤,០% ។ ម្យ៉ាងទៀតខុនដូដែលមានតំលៃសមរម្យ មិនមានប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ចាប់តាំងពីខែមករា ឆ្នាំ២០២០ ។
លោកខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA Cambodia បានថ្លែងប្រាប់គេទំព័រ Propertyarea.asia កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះថា អ្នកដែលមានហិរញ្ញវត្ថុល្អនៅពេលនេះ នឹងទទួលបានផលត្រឡប់មកវិញខ្ពស់ បើធៀបនឹងរយៈពេលកាលពីរយៈពេលមុន ដោយសារមូលហេតុទី១ គឺតម្លៃខុនដូ មិនទាន់មានការកើនឡើងទេ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។
លោកបានថ្លែងបន្តថា “បច្ចុប្បន្ន យើងសង្កតឃើញមានមិនត្រឹមតែ យុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ” ។ លោកបានថ្លែងថា “លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្ន មានភាពបត់បែនច្រើន ហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្នកំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌ ក្នុងការបង់ប្រាក់មានភាពងាយស្រួលជាងមុន” ។
ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។
លោកខន គង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ៕