លោក​ឧកញ៉ា​លី ហួរ៖ ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​កំពុង​សិក្សា​ពី​ភាពល្អប្រសើរ​នៃ​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាមួយនឹង​ភាពល្អប្រសើរ​នៃ​ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ននេះ ត្រូវបាន​បណ្តា​ប្រទេស​មួយចំនួន ស្ថិតនៅក្នុង​តំបន់​អាស៊ាន ចូលមក​សិក្សា​ស្វែងយល់ និង​យក​គំរូ​តាម​សម្រាប់​អភិវឌ្ឍន៍​នៅក្នុង​ប្រទេស​របស់ខ្លួន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា​លី ហួរ​បាន​មានប្រសាសន៍​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០កន្លងមក​ថា បច្ចុប្បន្ននេះ យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន២ នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​ចូលមក​សិក្សា និង​ស្វែងយល់​ពី​កំណើន​នៃ​ការអភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន យ៉ាង​ផុលផុស​ក្នុងប្រទេស​កម្ពុជា ខណៈដែល​បណ្តា​ប្រទេស​ជាច្រើន កំពុងតែ​ប្រឈម​នឹង​ការធ្លាក់ចុះ​ទីផ្សារ​អចលនទ្រព្យ ក៏ដូចជា​សេដ្ឋកិច្ច។

លោក​ឧកញ៉ា​បញ្ជាក់ថា “ស្ទើរតែ​គ្រប់​បណ្តា​ប្រទេស​កំពុង តែ​ប្រឈម​ឱនភាព​សេដ្ឋកិច្ច ដែល​ក្នុងនោះ​វិស័យ​អចលនទ្រព្យ ក៏​ទទួលរង​នូវ​ផលប៉ះពាល់។ ដោយឡែក​សម្រាប់តែ​ប្រទេស​កម្ពុជា ដែល​ក្រៅពី​អាចមាន​លទ្ធភាព​ទប់ស្កាត់ ការ​រាលដាល​បាន​យ៉ាង​ល្អប្រសើរ ថែមទាំង​នៅ​បន្តដំណើរ​នៃ​ការអភិវឌ្ឍន៍ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​ដដែល” ។ លោក​បន្តថា “ជាពិសេស​វិស័យ​លំនៅដ្ឋាន​ក្រោម​ការវិនិយោគ និង​អភិវឌ្ឍន៍​ដោយ​វិនិយោគិន​ក្នុងស្រុក” ។

លោក​ឧកញ៉ា​លី ហួរ បានបញ្ជាក់​ទៀតថា តាម​ខ្ញុំ​ដឹង គឺមាន​អ្នក​អភិវឌ្ឍន៍​វិស័យ​លំនៅដ្ឋាន​នៅ​ប្រទេស​ឥណ្ឌូ​ណ​ស៊ី និង​ម៉ាឡេស៊ី បាន​ចុះមក​សិក្សា​ពី​ភាពល្អប្រសើរ​នៃ​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​នៅ​កម្ពុជា ដោយ​ពួកគេ​នឹង​យក​គំរូ​តាម ហើយ​អាច​យកទៅអនុវត្ត​នៅក្នុង​ប្រទេស​របស់​ពួកគេ​ក៏​អាច​ថា​បាន។

ក្នុង​រយៈពេល​ខ្លី យើង​អាច​ផ្លាស់ប្ដូរ​ទិដ្ឋភាព​ពី​ដីស្រែ ដី​ស្មៅ ដី​លិច​ទឹក​រាប់រយ រាប់ពាន់​ហិកតា ឱ្យ​ក្លាយជា​បណ្តុំ​លំនៅដ្ឋាន​បែប​ប្រណីត សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព វា​គឺជា​រឿង​មួយ​ដែល​អស្ចារ្យ និង​ជាទី​មោទន​បំផុត។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា លី ហួរ​បាន​បញ្ជាក់ថា ក្នុងនាម​រូបលោក​ជា​អ្នក​អភិវឌ្ឍន៍ ក៏ដូចជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា បានបង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុងការ​បន្តដំណើរ​នៃ​កិច្ចអភិវឌ្ឍន៍ ក្នុង​វិស័យ​អចលនទ្រព្យ ជាពិសេស​វិស័យ​លំនៅដ្ឋាន ក្រោម​កិច្ច​គាំទ្រ​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ន​ឌៃ​កម្ពុជា​ជា​ប្រមុខ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here