ដោយ ហ្សូលី
ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងព្រះសីហនុបានក្លាយទៅជាទីក្រុង និងខេត្តដែលទទួលបានការអភិវឌ្ឍ និងវិនិយោគច្រើនជាងគេប្រចាំប្រទេសកម្ពុជា។ ទិដ្ឋភាពនេះ គឺជារឿងមិនគួរឱ្យជឿថា ខេត្តព្រះសីហនុបច្ចុប្បន្នខុសដាច់ ពីកាលពី១០ ឆ្នាំមុនស្រឡះ។
សព្វថ្ងៃក្រុងព្រះសីហនុ គឺជាតំបន់ដែលទទួលបានការស្គាល់ច្រើន ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសចិនបានចូលរួមចំណែក ដ៏ធំធេងជាងគេក្នុងការអភិវឌ្ឍនិងវិនិយោគទៅលើវិស័យជាច្រើននៅក្នុងខេត្ត។
សេដ្ឋកិច្ចចិន បានជះឥទ្ធិពលមួយផ្នែកតូច កាលពីអំឡុងផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចចិន ត្រឡប់មកសភាពដើមវិញ ខេត្តព្រះសីហនុហាក់មានភាពជឿនលឿននិងរីកចម្រើនឡើងវិញផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបើកចំហសេដ្ឋកិច្ច ដោយទទួលយកការវិនិយោគពីបរទេសយ៉ាងពេញលេញ។ ហេតុនេះបណ្តាក្រុមហ៊ុនមកពីបរទេសបានចាប់អារម្មណ៍ ទៅលើសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងជាឱកាសមួយ ក្នុងការបង្កើតការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យមានជីវភាពធូរធារ។ លើសពីនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ និងមានពេលវេលាពង្រឹងបណ្តាញ ហេដ្ឋារចនាស ម្ព័ន្ធឱ្យកាន់តែប្រសើរឡើង។
ក្រៅពីនេះ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស អនុញ្ញាតឱ្យការវិនិយោគទៅលើវិស័យឧស្សាកម្មហូរចូលមកកាន់តែច្រើន។ វឌ្ឍនភាពនៃខេត្តព្រះសីហនុបានបង្កើននូវសក្តានុពលគោលដៅទេសចរណ៍ ដែលជាចំណូលរបស់ជាតិ សម្រាប់សេដ្ឋកិច្ចប្រទេស។
ក្រឡេកមើលទៅលើវិស័យអចលនទ្រព្យ ប្រភេទអចលនវត្ថុដែលមានការវិនិយោគច្រើនជាងគេគឺ អាផាតម៉ិនជួល។ វិនិយោគិនចិន បានបោះទុនសាងសង់គម្រោងអាផាតម៉ិនសម្រាប់ជួល ដើម្បីបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរ ស្នាក់នៅរយៈពេលវែង និងអ្នកវិនិយោគបរទេស ដែលចូលមករស់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា។
យ៉ាងណាមិញ វិនិយោគិនយល់ឃើញថា ការទាញយកផលប្រយោជន៍ក្នុងការបណ្តាក់ទុនវិនិយោគទៅគម្រោងលំនៅដ្ឋាន បានជម្រុញឱ្យតម្លៃអចលនទ្រព្យកើនឡើង និងទាក់ទាញអ្នកវិនិយោគបន្ថែម ដើម្បីទទួលបានផលចំណេញច្រើន។ ប៉ុន្តែការតំឡើងតម្លៃអចលនទ្រព្យអំឡុងពេលនេះ មិនបានផ្តល់ផលប្រយោជន៍ដល់ ប្រជាជនកម្ពុជានោះឡើយ ដោយសារចំណូលមានកម្រិតក្នុងការផ្លាស់ប្តូរការរស់នៅបែបថ្មីនិងទំនើប។
ជាការពិត ខេត្តព្រះសីហនុ នៅតែជាទីក្រុងទទួលបានប្រជាប្រិយភាព និងជោគជ័យទៅលើលំហូរវិនិយោគ ពីបរទេសពាក់ព័ន្ធវិស័យឧស្សាហកម្ម និងវិស័យអចលនទ្រព្យ៕ Taiwan Times៕