ដោយៈ រ៉ាណេត
ភ្នំពេញៈ តម្លៃដីធ្លីស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៤១ រាប់គិតចាប់ពីចំណុចគីឡូលេខ១០ រហូតដល់លេខ៣០ កំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលដំណឹងនៃគម្រោងអភិវឌ្ឍន៍ជាច្រើន នឹងត្រូវបង្ហាញវត្តមាននៅតំបន់ទាំងនេះ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ DEY THMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ថា បច្ចុប្បន្នតម្លៃដីស្ថិតនៅតាមបណ្តោយផ្លូវជាតិ៤១ កំពុងតែមានកំណើន ខណៈដែលពេលគម្រោងអភិវឌ្ឍន៍ជាច្រើន ដូចជា គម្រោងបង្កើតសួនឧស្សាហកម្ម គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមចិន គម្រោងបង្កើតរោងចក្រ រួមជាមួយនឹងគម្រោងអភិវឌ្ឍលំនៅដ្ឋានផងដែរ។
លោកបានបញ្ជាក់ថា “តម្លៃដីនៅផ្លូវ៤១ បានកើនឡើងយ៉ាងឆាប់រហ័ស ដែលពីមុនដីនៅជាប់ផ្លូវជាតិក្នុងតំបន់គីឡូលេខ៣០ មានតម្លៃត្រឹម ២០ដុល្លារ បច្ចុប្បន្នបានកើនឡើងរហូតដល់ចន្លោះពី ៣៥-៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។ លោកបន្តថា “បើចុះពីផ្លូវជាតិប្រមាណ ២គីឡូម៉ែត្រ អាចស្ថិតនៅក្នុងចន្លោះប្រមាណ ១៥ -២០ដុល្លារក្នុងមួយម៉ែត្រការ៉េ” ។
តម្លៃដីឡូតិ៍ បានកើនឡើងប្រមាណជាង ៣ម៉ឺនដុល្លារក្នុងមួយឡូតិ៍ (ដីជាប់ផ្លូវជាតិ) ពិបាករកទីផ្សារណាស់ ប៉ុន្តែគេអាចបន្ថែមធនធានសម្រាប់ទិញ លំនៅដ្ឋានតម្លៃមធ្យមក្រោម៦ម៉ឺនដុល្លារ” ។
លោក វិន ឈុនហ៊ាត បានអះអាងថា តម្លៃដីខាងលើនេះ មិនអាចអនុគ្រោះដល់គម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ ដូចតំបន់ផ្សេងទៀតនោះទេ ប៉ុន្តែការទិញក្នុងទ្រង់ទ្រាយធំ សម្រាប់គម្រោងអភិវឌ្ឍន៍ជាសំណង់លំនៅដ្ឋាន សំណង់ឃ្លាំងផ្សេងៗនៅមានឱកាសច្រើន។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា “តម្លៃដីឡើងថ្លៃនៅពេលដែលមានតម្រូវការប្រើប្រាស់កើនឡើង។ ដោយឡែកនៅតំបន់ផ្លូវជាតិ៤១ មាន ប្រជាប្រិយភាពពេលនេះ ដូចគ្នាទៅនឹងដីនៅតំបន់ផ្លូវ៥១ កាលពី២ឆ្នាំមុន។
លោកស្រីបានបន្តថា “ឥឡូវគេឃើញមានគម្រោងសាងសង់ និងអភិវឌ្ឍន៍រោងចក្រ សហគ្រាសជាច្រើនបាន និងកំពុងបង្ហាញរូបរាងជាបណ្តើរៗ ដែលសកម្មភាពទាំងអស់នេះហើយជួយបង្កើនភាពទាក់ទាញ និងសក្ដានុពលក្នុងតំបន់” ។ លោកស្រីបន្ថែមថា “នៅតំបន់ហ្នឹងភាគច្រើនជាគម្រោងរោងចក្រ និងសិប្បកម្មកម្រិតតូច និងមធ្យម ហើយចំពោះគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅមិនទាន់មានលក្ខណៈធំដុំនៅឡើយនោះទេ។ ប៉ុន្តែបន្តិចទៀត អាចនឹងមានគម្រោងសាងសង់ បន្ទាប់ពីគម្រោងបង្កើតរោងចក្រនានាបង្ហាញរូបរាង” ។
ពាក់ព័ន្ធទៅនឹងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅផ្លូវជាតិលេខ៤១ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ក្រសួងបានចរចាប្រាក់កម្ចីរួចហើយ នៅឡើយតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខា យកប្រាក់ទាំងនេះមកស្ថាបនាប៉ុណ្ណោះ ។
លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា “ប្រាក់កម្ចីបានចរចារួចហើយ ខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំនេះ ឬ ឆ្នាំក្រោយ ទើបអាចបើកការដ្ឋានស្ថាបនាបានដោយចាក់ជាប្រភេទ AC” ។
លោកបន្តថា គម្រោងស្ថាបនាផ្លូវឡើងវិញ រួមមាន ដូចជាគម្រោងផ្លូវ៤១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ មកលេខ៣ ។ គម្រោងផ្លូវលេខ៣១ពីតំបន់បាយគូស ចូលមកស្រុកកំពង់ត្រាច។គម្រោងផ្លូវលេខ៣៣ពីកំពត មកខេត្តកែប បានចរចាចប់សព្វគ្រប់អស់ហើយ ចាំតែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅចុះហត្ថលេខាលើប្រាក់កម្ចីនេះ៕