ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុម័តដាក់ឱ្យប្រើប្រាស់ផែនការរៀបចំដែនដី រាជធានី ខេត្តប៉ូលសេដ្ឋកិច្ចចំនួន ៣ គឺប្លង់គោលរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងបានបញ្ចប់ផែនការរៀបចំដែនដីខេត្តតាកែវ។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ារ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ឱ្យដឹងថា ជាមួយគា្ននេះ ក្រសួង កំពុងជំរុញបញ្ចប់ការសិក្សាផែនការរៀបចំដែនដីខេត្តសៀមរាប និងខេត្តប៉ៃលិន ចំពោះប្លង់គោលប្រើប្រាស់ដីក្រុងស្រុកខណ្ឌ គឺបានអនុម័តនិងដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ១១ ។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ប្លង់គោលប្រើប្រាស់ដីក្រុងចំនួន ១១ដូចជាក្រុងបាត់ដំបង ទីរួមខេត្តត្បូងឃ្មុំ ក្រុងតាខ្មៅ ក្រុងកំពត ក្រុងកែប ក្រុងខេមរៈភូមិន្ទ ក្រុងសៀមរាប ក្រុងកំពង់ចាម ក្រុងប៉ោយប៉ែត ក្រុងបាវិត ក្រុងបូកគោ និងទីប្រជុំជនចំនួន ២ គឺទីប្រជុំជនស្រុកជ្រៃធំ និងទីប្រជុំជនស្រុកស្វាយអន្ទរ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា រីឯផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ គឺបានអនុម័ត និងដាក់ឱ្យប្រើប្រាស់ផែនការប្រើប្រាស់ដីឃុំសង្កាត់ចំនួន៨០ ឃុំសង្កាត់នៅក្នុងខេត្តចំនួន ១១និងកំពុងសិក្សាបញ្ចប់ផែនការប្រើប្រាស់ដីឃុំចំនួន ៩០នៅខេត្តបាត់ដំបង ព្រៃវែងនិងខេត្តកំពង់ធំ ដោយឡែកផែនទីព្រំប្រទល់រដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងផែនទីប្រើប្រាស់ដី ជាក់ស្ដែងវិញ គឺបានបញ្ចប់នៅក្នុងស្រុកខណ្ឌចំនួន ២០៣ និងឃុំសង្កាត់ចំនួន ១៦៤៦ ឃុំសង្កាត់។
លោកបន្ថែមថា សម្រាប់ការងារគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយក្នុងនោះបានបញ្ចប់ការសិក្សាយុទ្ធសាស្ត្រជាតិសមាហរណកម្មតំបន់ឆ្នេរសមុទ្រ ក្នុងខេត្តតាមឆ្នេរសមុទ្រមានខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង បានស្ថាបនាខ្លោងទ្វារចូលឆ្នេរសមុទ្រនៅក្រុងព្រះសីហនុ បានបញ្ចប់ការចុះបញ្ជីដីរដ្ឋ នៅលើកោះរ៉ុង ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានស្ដារ និងស្ថាបនាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងនៅក្រុងព្រះសីហនុ បានស្ថាបនាផ្លូវនិងមហាវិថីចំនួន ៣៦ ខ្សែស្មើនឹង៨០ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ។
លោកបញ្ជាក់ទៀថា រីឯបញ្ហាប្រឈម គឺមានកង្វះខាតធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ដែលអាចជំរុញការសិក្សាលម្អិត និងការអនុវត្តផែនការរៀបចំដែនដី ដែលបានអនុម័តរួច និងកង្វះខាតថវិកា ដើម្បីអនុវត្តគម្រោងស្របតាមផែនការគ្រោងទុក។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឱ្យដឹងអំពីទិសដៅបន្តរបស់ក្រសួង គឺការជំរុញបញ្ចប់ច្បាប់ស្ដីពីការរៀបចំដែនដី និងនគរូបនីយកម្ម ជំរុញបញ្ចប់ការកសាងផែនការរៀបចំដែនដីថ្នាក់ជាតិ នៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់តំបន់ចំនួន២ បន្ថែមទៀតនៅឆ្នាំ ២០២៣ គឺផែនការរៀបចំដែនដីតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ជុំវិញរាជធានីភ្នំពេញ ជំរុញសម្រេចឱ្យបានផែនការរៀបចំដែនដីថ្នាក់ខេត្តចំនួន ២ ក្នុងមួយឆ្នាំ ឬចំនួន ៨ ខេត្តនៅឆ្នាំ ២០២៣ ជំរុញសម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ក្រុងចំនួន ៥ ក្នុងមួយឆ្នាំ ឬចំនួន ៨ ក្រុង នៅដំណាច់ឆ្នាំ ២០២៣ ជំរុញ សម្រេចឱ្យបានប្លង់គោលប្រើប្រាស់ដីថ្នាក់ស្រុកខណ្ឌចំនួន៥ ក្នុងមួយឆ្នាំ ឬចំនួន ១៩ ស្រុកខណ្ឌនៅដំណាច់ឆ្នាំ២០២៣ និងជំរុញសម្រេចឱ្យបានផែនការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់ចំនួន២០ ក្នុងមួយឆ្នាំ ឬចំនួន ៨០ ឃុំសង្កាត់នៅដំណាច់ឆ្នាំ ២០២៣ ៕