គេហទំព័រ PROPERTY AREA ASIA ចុះ​អនុស្សារណ​យោគយល់​ជាមួយ​សមាគម​អចលនទ្រព្យ​សកល (GRA)

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ក្នុង​គោលបំណង​លើកស្ទួយ និង​ជំរុញ​ការផ្សព្វផ្សាយ​ពី វិស័យ​អចលនទ្រព្យ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ ក្រុមហ៊ុន​គេ​ទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច PROPERTY AREA ASIA បាន​ចុះ​កិច្ច​អនុស្សារណ​យោគយល់ ជាមួយ​សមាគម​អចលនទ្រព្យសកល (GRA) ក្រោម​ការចូលរួម​អបអរសាទរ និង​ធ្វើជា​សាក្សី​ពី​សំណាក់​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ជាច្រើន​នាក់។

នៅក្នុង​ពិធី​ចុះហត្ថលេខា​នា​ព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅ​សាលសន្និសីទ Urban Village ភ្នំពេញ លោក យិន លាង​គង់ ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​គេហទំព័រ PROPERTY AREA ASIA បាន​មានប្រសាសន៍ថា ការចុះ​កិច្ច​អនុស្សារណ​យោគយល់​នាពេលនេះ គឺជា​ការរួបរួម​គ្នារ​វាង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ព័ត៌មាន និង​សមាគម​អចលនទ្រព្យ​សកល ក្នុង​ការជួយ​ជំរុញ និង​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

លោក​បាន​បន្តថា “ការផ្សព្វផ្សាយ​ព័ត៌មាន​ពី​វិស័យ​អចលនទ្រព្យ មាន​សារ​សំខាន់បំផុត​សម្រាប់​បណ្តា​អ្នកជំនួញ អ្នកវិនិយោគ និង​អភិវឌ្ឍន៍​ទាំង​ជាតិ និង​អន្តរជាតិ” ។ លោក​បន្តថា “បន្ថែម​ពីនេះ តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​នេះ ប្រៀបបាន​ទៅនឹង​ដែក​ឆក់​មួយ ក្នុងការ​ទាក់ទាញ​បណ្តាញ​ក្រុមហ៊ុន​អន្តរជាតិ​ឱ្យ​ចូលមក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​ន៍ ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ផងដែរ” ។

លោក​បញ្ជាក់ថា “តាមរយៈ​ការចុះ​កិច្ច​អនុស្សារណ​យោគយល់​នេះ នឹងចូលរួម​លើកកម្ពស់​ទីផ្សារ និង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បាន​យ៉ាង​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត” ។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល (GRA) លោក​សំ សុខ​នឿន បាន​មានប្រសាសន៍ថា “ក្នុងនាម​តំណាង​សមាគម​អចលនទ្រព្យ​សកល សូម​សម្ដែង​នូវ​ភាព​រីករាយ ដែល​បាន​សហការ​ជា​ដៃគូ ជាមួយ​ក្រុមហ៊ុន​គេហទំព័រ​អចលនទ្រព្យ និង​សេដ្ឋកិច្ច PROPERTY AREA ASIA ដែលជា​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា” ។

លោក​បន្តទៀតថា “ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អចលនទ្រព្យ ត្រូវ​ពឹងផ្អែក​មួយចំណែក​ធំ ទៅលើ​បណ្តាញ​ផ្សព្វផ្សាយ​ដែលមាន​គុណភាព តម្លាភាព និង​ប្រសិទ្ធភាព ពី​ទីផ្សារ​ក្នុងស្រុក ទៅកាន់​ទីផ្សារ​ក្រៅ​ស្រុក” ។ លោក​បន្តថា “ការផ្សព្វផ្សាយ​ព៌​ត​មាន​ពិត គ្រប់​ជ្រុងជ្រោយ​នឹង​ផ្ត​ល់នូវ​គុណប្រយោជន៍ ដែល​អាច​អូសទាញ​បណ្តា​អ្នកវិនិយោគ​អន្តរជាតិ​ឱ្យចូល​មកកាន់​កម្ពុជា” ។

ក្រៅពីនេះ រាល់​ព័ត៌មាន​អចលនទ្រព្យ ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ក៏​ជា​ធាតុ​មួយ​យ៉ាងសំខាន់ សម្រាប់​អ្នកជំនួញ​ក្នុង​វិស័យ​មួយ​នេះ ដើម្បី​ធ្វើការ​សិក្សា ស្វែងយល់​លម្អិត​ពី​ស្ថានភាព​នៃ​វិស័យ​អចលនទ្រព្យ មុនពេល​សម្រេច​បណ្តាក់​ទុនវិនិយោគ ក្នុង​ផ្នែក​ណាមួយ។

ក្រោយពេល​បញ្ចប់​កិច្ច​ចុះហត្ថលេខា លើ​អនុស្សារណ​យោគយល់​ខាងលើនេះ លោក យិន លាង​គង់ ក៏ត្រូវ​បានប្រកាស​តែងតាំង ជាទី​ប្រឹក្សា​របស់​សមាគម​អចលនទ្រព្យ សកល (GRA) ដោយ​ទទួលបន្ទុក​លើ​ការផ្សព្វផ្សាយ​ព័ត៌មាន​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here