ដោយវុត្ថា
ភ្នំពេញៈ អចលនទ្រព្យនៅក្នុងតំបន់ចោមចៅ នឹងកាន់តែមានតម្លៃខ្ពស់បន្ថែមទៀត បន្ទាប់ពីត្រូវបានបញ្ចប់ នៃការសាងសង់ស្ពានអាកាសនៅក្នុងតំបន់នេះ។
អគ្គនាយកក្រុមហ៊ុន Century 21 Advance លោកឡុង គឹមសួគ៌ បានប្រាប់គេហទំព័រ Propertyarea.asia កាលពីរសៀលថ្ងៃទី៥ តុលាកន្លងមកថា តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ បាននឹងកំពុងមានការរីកចំរើន ហើយតម្លៃអចលនទ្រព្យនៅក្នុងតំបន់នឹងកាន់តែមានតម្លៃខ្ពស់បបន្ថែមទៀត។
លោកថ្លែងថា “តំបន់ចោមចៅនាពេលបច្ចុប្បន្ននេះ គេកំពុងសាងសង់ស្ពាន ហើយតំបន់នេះ បាននិងកំពុងមានការរីកចំរើន ដូចទៅនឹងបណ្តាខ័ណ្ឌ មយចំនួន នៅក្នុងទីក្រុងភ្នំពេញដែរ ហើយជាពិសេសតំបន់នេះ រាជរដ្ឋាភិបាលបាននឹងកំពុងមានការអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធ” ។
លោកឡុង គឹមសួរ បានបន្ថែមថា នៅក្នុងរយៈពេលប្រហែល២ឆ្នាំទៀត នឹងមានការអភិវឌ្ឍន៍កាន់តែខ្លាំង ហើយតំបន់អចលនទ្រព្យវិញក៏មានតម្លៃខ្ពស់ផងដែរ។លោកបញ្ជាក់ទៀតថា “ចំពោះតម្លៃលំនៅឋានសមរម្យ (មួយជាន់) បច្ចុប្បន្ននៅក្នុងតំបន់នេះ ប្រហែល៥ម៉ឺនដុល្លារអាមេរិកឡើងលើ (ចន្លោះពី ៥ម៉ឺន ទៅ ១០ម៉ឺន) ហើយតម្លៃលំនៅឋានអាជីវកម្មមានតម្លៃប្រមាណ១០ម៉ឺន ទៅ១២ ម៉ឺនដុល្លារអាមេរិក” ។
លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា តំបន់ចោមចៅនេះ មានការរីកចំរើនយ៉ាងខ្លាំង ដោយមានទាំងគម្រោងបុរី លំនៅឋាន និងលំនៅឋានពាណិជ្ជកម្ម ហើយបានជំរុញឱ្យអចលនទ្រព្យ នៅក្នុងតំបន់កាន់តែមានតម្លៃខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកស្រីបន្ថែមថា “គេទៅទិញឬវិនិយោគនៅក្នុងតំបន់នេះ ដោយមើលឃើញពីសក្តានុពលខ្ពស់ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ” ។
លោកស្រីបន្ថែមថា បច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងសាងសង់ស្ពានអាកាស និងហេ ដ្ឋារនាសម្ព័ន្ធសំខាន់ៗជាច្រើន នៅក្នុងតំបន់នេះ ដែលជំរុញឱ្យអចលនទ្រព្យកាន់តែមានតម្លៃខ្ពស់បន្ថែមទៀតនាពេលខាងមុខ។
លោកស្រីតាំង ហួរបានបញ្ជាក់ទៀតថា បើយើងឃើញជាក់ស្តែង ពីតំបន់ចោមចៅទៅកាន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ មានគម្រោងអភិវឌ្ឍនបុរី បណ្តុំលំនៅឋាន និង លំនៅឋានពាណិជ្ជកម្មជាច្រើន ស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងពង្រីកហេ ដ្ឋារនាសម្ព័ន្ធឱ្យកាន់តែល្អប្រសើរ៕